នូវែលសេឡង់ ផ្អាកកិច្ចសន្ទនាសិទ្ធិមនុស្សទ្វេភាគី ជាមួយអ៊ីរ៉ង់

 (វែលីងតោន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនបានផ្អាកកិច្ចពិភាក្សាសិទ្ធិមនុស្សទ្វេភាគីជាផ្លូវការជាមួយប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថាវិធី សាស្រ្តទ្វេភាគីគឺ «មិនអាចបន្តទៅបានទៀតទេ» ផ្អែកលើការបដិសេធសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ង់។

នូវែលសេឡង់ និងអ៊ីរ៉ង់ បានបង្កើតកិច្ចសន្ទនាគ្នាក្នុងឆ្នាំ២០១៨ ដើម្បីជំរុញការដោះស្រាយលើ បញ្ហាសិទ្ធិមនុស្សនិងក្តីកង្វល់នានា។ ជុំទីមួយនៃកិច្ចចរចាត្រូវបានធ្វើឡើងកាលឆ្នាំ២០២១ ហើយ ការចរចាបន្ទាប់ត្រូវធ្វើឡើងក្រោយនៅឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណាណាយ៉ា ម៊ូហ៊ូតា (Nanaia Mahuta) បាននិយាយថា ការសម្រេចផ្អាកកិច្ចសន្ទនានេះ គឺជាការបញ្ជូនសញ្ញាដ៏រឹង មាំមួយថា វិធីសាស្រ្តទ្វេភាគីស្តីពីសិទ្ធិមនុស្សមិនអាចដំណើរការទៅបានឡើយ ដោយអ៊ីរ៉ង់បានបដិ សេធសិទ្ធិមនុស្សជាមូលដ្ឋាននិងបង្ក្រាបការតវ៉ាដោយហិង្សា។ លោកស្រី បានគូសបញ្ជាក់ថា «អំពើ ហិង្សាមកលើស្ត្រី កុមារី ឬសមាជិកដទៃទៀតនៃសង្គមអ៊ីរ៉ង់ ដើម្បីរារាំងការអនុវត្តសិទ្ធិមនុស្ស ជាសកលរបស់ពួកគេ គឺមិនអាចទទួលយកបានឡើយហើយត្រូវតែបញ្ចប់»