(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បានផ្ដល់អនុសាសន៍ ៥ចំណុច ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យមួយនេះ ឆ្ពោះទៅ រកភាពរីកចម្រើនទាំងបរិមាណ និងគុណភាព ពិសេសដើម្បីសម្រេចសន្ទស្សន៍មេដាយមាសជូនជាតិ (មេដាយមាស ១គ្រឿងយ៉ាងតិច) នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅ កម្ពុជា។ការផ្ដល់អនុសាសន៍នេះ សម្រាបពេល ឯកឧត្តម រដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីបិទការ ប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់ រយៈពេលជិត ១សប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតដ៏សំខាន់ ដើម្បីវាស់ស្ទង់ សមត្ថភាពកីឡាករ-កីឡាការិនី បន្ទាប់ពីធ្វើការហាត់ហ្វឹកហ្វឺននាពេលកន្លងមក។
ប្រធានសហព័ន្ធខាងលើ បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតថ្នាក់ជាតិ ពិសេសការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនី ក៏ដូចជាគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងមន្ដ្រីបច្ចេកទេស ដែល ជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន និងយជោគជ័យ បន្ថែមលើសមិទ្ធផលធំៗ ដែលសហព័ន្ធសម្រេចបានក្នុងឆ្នាំ២០២២ ធ្វើឲ្យមានការចាប់អារម្មណ៍ពីអន្ដរជាតិ ដូចជាការ ដណ្ដើមបានមេដាយប្រាក់ ៣ និងសំរឹទ្ធ ១ ក្នុងស៊ីហ្គេម នៅវៀតណាម និងការដណ្ដើមមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ក្នុងជើងឯកអាស៊ី នៅថៃជាដើម។
បន្ថែមលើនេះ ឯកឧត្តម រដ្ឋមន្ដ្រីបានជំរុញឲ្យសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ត្រូវខិតខំដកស្រង់ បទពិសោធន៍ បច្ចេកទេស ពីសមិទ្ធផលខាងលើ មកបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនី ឲ្យកាន់ តែមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ ក៏ដូចជាខិតខំបំផុសមហាជនឲ្យស្រលាញ់ ចូលចិត្ត និងហ្វឹកហាត់កីឡាកាយសម្ព័ន្ធបន្ថែមទៀត នៅគ្រប់រាជធានី-ខេត្ត។
ឯកឧត្តម បណ្ឌិត ថោង ខុន មានប្រសាសន៍ថា «បើគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺមានរយៈពេលតែ ១៩០ថ្ងៃទៀតប៉ុណ្ណោះ ដើម្បីឲ្យវិស័យកីឡាកម្ពុជា កាន់តែមានការ រីកចម្រើន ទាំងបរិមាណ និងគុណភាព ទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើឆាកអន្ដរជាតិ នាពេលដ៏ខ្លីខាងមុខ ពិសេសការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខ្ញុំសូមផ្ដល់អនុសាសន៍មួយ ចំនួន ដល់សហព័ន្ធ ដូចជា៖
១-បណ្ដុះបណ្ដាលថ្នាក់ថ្នាលតាមកម្រិតអាយុ និងបង្កើនបរិមាណ និងគុណភាពកីឡាករ-កីឡាការិនី ក្លិប សមាគមកីឡាកាយសម្ព័ន្ធឲ្យបានទូលំទូលាយ
២-ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម មន្ដ្រីបច្ចេកទេស ឲ្យកាន់តែប្រសើរ ទាំងបរិមាណ និងគុណភាព
៣-ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្ដាក្លិប សមាគម
៤-ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លិប សមាគមទូទាំងប្រទេសឲ្យបានរឹងមាំ និងស្វែងរកដៃគូ អភិវឌ្ឍន៍បន្ថែមទៀត
៥-ជំរុញឲ្យមានការចូលរួមប្រកួតលក្ខណៈអន្ដរជាតិឲ្យបានច្រើនមុនពេលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ និង ពានប្រធានសហព័ន្ធឆ្នាំនេះ គឺមានកីឡាករ-កីឡាការិនី ៦៤នាក់ចូលរួម មកពី ៥ក្រសួង និងខេត្ត ដែលធ្វើការប្រកួតពីថ្ងៃទី២២-២៧ ខែតុលា លើ ១៣វិញ្ញាសា ។ ជាលទ្ធផលក្រុមកីឡាកាយសម្ព័ន្ធ មកពីក្លិបក្រសួងមហាផ្ទៃ ឈរលេខ១ ដណ្ដើមបានមេដាយសរុប ១០គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ២), ខេត្ដក្រចេះ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១១គ្រឿង (មាស ៤ ប្រាក់ ៣ និងសំរឹទ្ធ ៤), ខេត្តកំពង់ឆ្នាំង ឈរលេខ៣ ដណ្ដើមបាមមេដាយសរុប ១២គ្រឿង (មាស ៣, ប្រាក់ ៧ និងសំរឹទ្ធ ២), ក្រសួងការពារជាតិ ឈរលេខ៤ ដណ្ដើមបានមេដាយសរុប ៥គ្រឿង (មាស ១ និងសំរឹទ្ធ ៤) និងខេត្តតាកែវ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង៕