(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែម ទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។
តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាល រៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។ រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់ រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួន៣លើករួចមកហើយ។ ៣លើកកន្លងទៅធ្វើឡើងជាមួយពលរដ្ឋដែលត្រូវទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ និងលើក ទី៣ ធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ដោយមានប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ។
ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាល ដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់ រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុក ដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុក ចោលកណ្តាលព្រៃរហោឋាននោះឡើយ៕