(សៀមរាប)៖ មេដឹកនាំដែលប្រកាន់ខ្ជាប់នូវសេចក្ដីសុខរបស់ជាតិនិងប្រជាជនជាធំ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទប់ស្កាត់ក្រុមនយោបាយដែលចង់បំផ្លាញជាតិ បំផ្លាញសន្តិភាពនិងសេចក្ដីសុខរបស់ប្រជាជន ដោយបានព្រមានថាប្រសិនបើពួកគេហ៊ានងើបមួយ កម្ចាត់ចេញមួយ បើងើបពីរ កម្ចាត់ពីរ។
ការប្រកាសយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលលើកទី៣ជាមួយប្រជាពលរដ្ឋចំនួន១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
នាឱកាសនោះ បុរសខ្លាំងរបស់កម្ពុជាបានប្រកាសទប់ស្កាត់ក្រុមនយោបាយដែលចង់បំផ្លាញជាតិ ប្រសិនបើពួកគេហ៊ានងើបមួយ វ៉ៃមួយ បើងើបពីរ វ៉ៃពីរ ដោយមិនទុកឱ្យពួកនោះមានឱកាសបំផ្លាញជាតិនិងប្រជាជនដាច់ខាត។ សម្ដេចបានព្រមានទៅកាន់ក្រុមប្រឆាំងនិងមេដឹកនាំនៅតាមខេត្តថា កុំស្មានថាគេមិនដឹងថាខ្លួនឯងចង់ធ្វើអ្វីឬកំពុងធ្វើអ្វីនោះឱ្យសោះ ភស្តុតាងគឺមានក្នុងដៃអស់ហើយ គ្រាន់តែគេមិនទាន់ចាត់ការប៉ុណ្ណោះ។
សម្តេចតេជោបានប្រកាសយ៉ាងដូច្នេះថា «អ្នកឯងហ៊ានងើបមួយ វ៉ៃមួយ ងើបពីរ វ៉ៃពីរ, ព្រោះដើម្បីសេចក្តីសុខរបស់យើងទាំងអស់គ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គោលដៅរបស់សម្ដេចមិនមានអ្វីក្រៅពីសេចក្ដីសុខនិងអាយុជីវិតរបស់ប្រជាជននោះទេ សម្ដេចបានខំប្រឹងជាងពាក់កណ្ដាលជីវិតមកហើយ ចាប់ពីអាយុ២៥ឆ្នាំមកដល់៧០ឆ្នាំ ពោលគឺ៤៥ឆ្នាំ ដើម្បីតែការរស់រាននិងសេចក្ដីសុខរបស់ប្រជាជន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរួមចំណែកជាមួយថ្នាក់ដឹកនាំដទៃ និងប្រជាជនកម្ពុជាទាំងមូលក្នុងការថែរក្សាការពារសន្តិភាព ក៏ដូចជាអភិវឌ្ឍប្រទេសតាំងពីឆ្នាំ១៩៧៩ ដែលមានប្រជាជនត្រឹមតែ៥លាននាក់ រហូតដល់បច្ចុប្បន្នចំនួនប្រជាជនបានឡើងដល់១៧លាននាក់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាធ្លាប់រងទុក្ខមកច្រើនណាស់ហើយតាំងពីសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍ ដូច្នេះក្នុងនាមជាអ្នកដឹកនាំរាជរដ្ឋាភិបាល សម្ដេចធានាមិនឱ្យរបូតសន្តិភាពពីដៃដែលរកបានដោយលំបាកនេះនោះឡើយ៕