ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ


 (សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារ ទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់ រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ។

ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាល ដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់រម ណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុកចោលក ណ្តាលព្រៃរហោឋាននោះឡើយ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរ ក្រសួងមួយដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកា ក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពី អង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយ ពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ប្រតិបត្តិការក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ គឺឈ្នះទាំងការរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជី សម្បត្តិបេតិកភណ្ឌពិភពលោក និងឈ្នះដោយពលរដ្ឋមានកន្លែងស្នាក់អាស្រ័យមួយដ៏ច្បាស់លាស់ គឺទទួលបានជោគជ័យយ៉ាងធំធេងបំផុត។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅ តំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សុទ្ធតែបានជ្រូតជ្រាបពីគោលបំណងរបស់ រាជរដ្ឋាភិបាល ហើយបានចូលរួមសហការអនុវត្តន៍ប្រកបដោយក្តីរីករាយ និងមិនបានបង្កការ លំបាកណាមួយនោះឡើយ។ នេះជាលទ្ធផលជោគជ័យដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល៕