រដ្ឋមន្ត្រីកសិកម្ម ផ្តើមចុះបេសកកម្មតាមខេត្តលើកដំបូង ដើម្បីចែកជំនួយដល់កសិករ សម្រាប់ស្តារ ឡើងវិញ នូវការខូចខាតដោយជំនន់ទឹកភ្លៀង


 (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះបំពេញបេសកកម្មរបស់ខ្លួនជាលើកដំបូង ក្នុងនាមជា រដ្ឋមន្ត្រីកសិកម្ម​ ដើម្បីនាំយកនូវជំនួយគ្រាប់ពូជ ចែកជូនកសិករដែលរងផលប៉ះពាល់ដោយទឹក ជំនន់។

នៅព្រឹកនេះ ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា បានអមដំណើរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅជួបបងប្អូនប្រជាកសិកររង គ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ឯកឧត្តម ឌិត ទីណា បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់​ពី​ប្រជុំ​វាយ​តម្លៃ ​និង​ចាត់ចែង​ការងារ​នៅ​ក្រសួង​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ ថ្ងៃនេះបេសកកម្ម​តាម​ខេត្តរបស់​ខ្ញុំ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ ទៅតាម​បណ្តាទីតាំងដែលមាន ប្រជាពលរដ្ឋរងគ្រោះដោយ​ទឹក​ជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។ ការងារនេះ ចាំបាច់និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជ ស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញ។

នាព្រឹកនេះ ខ្ញុំមានឱកាសអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅ ជួបបងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ»

សូមជម្រាបថា ឯកឧត្តម ឌិត ទីណា បានចូលកាន់តំណែងរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​នា​រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រី ឯកឧត្តម បានកំណត់ការងារអទិភាពនៅចំពោះមុខ ដែល ឯកឧត្តម ត្រូវដោះស្រាយក្នុងជំហានដំបូង គឺដោះស្រាយបញ្ហារបស់ប្រជាកសិករ ដែលកំពុងរងផល ប៉ះពាល់ពីគ្រោះទឹកជំនន់។

ឯកឧត្តម នឹងចាប់ផ្តើមចុះទៅតាមបណ្តាខេត្តដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់​​ និងសហការជា មួយស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ ដែលបានបំផ្លាញ ដំណាំប្រជាពលរដ្ឋជាច្រើននៅទាំងប្រទេស ផ្តល់ពូជស្រូវ និងដំណាំជាបន្ទាន់ដល់កសិករ ដើម្បីស្តារ ការដាំដុះឡើងវិញ៕