(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា វិស័យឯកជន រួមទាំង វិស័យធនាគារនៅកម្ពុជា បានយល់កាន់តែច្បាស់អំពីហានិភ័យ និងកាលានុវត្តភាពពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ខ្លួននៅក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ។
ការថ្លែងបែបនេះ របស់ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើក «កិច្ចប្រជុំកំពូលលើកទី២ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២២» នៅទីក្រុងសៀមរាប នាវេលាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បី ផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាព និងហានិភ័យ បណ្តាលមកពីការប្រែប្រួលអាកាសធាតុនៅលើ ពិភពលោក ដែលក្នុងនោះកម្ពុជាក៏បាននឹងកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមានមកលើ សង្គមសេដ្ឋ កិច្ច ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន បើទោះបីកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យ មានការប្រែប្រួលអាកាសធាតុក៏ដោយ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា នេះគឺជាវេទិកាដ៏សំខាន់សម្រាប់ការ ពិភាក្សាអំពីបញ្ហាប្រឈម និងកាលានុវត្តភាព សម្រាប់វិស័យឯកជន និងជាមូលដ្ឋានសម្រាប់ការ ពិចារណាសម្រេចចិត្តសម្រាប់វិស័យធនាគារ និងវិនិយោគិន ក្នុងការផ្តល់ហិរញ្ញប្បទាន និងការ វិនិយោគលើបណ្តាគម្រោងដែលមិនប៉ះពាល់បរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ រួមចំណែក កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទទួលបានបច្ចេកវិទ្យាបៃតងថ្មីទំនើប។
ឯកឧត្តម បានឱ្យដឹងថា កម្ពុជាជាប្រទេសតូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ដែលរួមចំណែក តិចតួចបំផុតក្នុងការបង្កឱ្យមានការខូចខាតបរិស្ថានពិភពលោក ជាពិសេសបញ្ហាប្រែប្រួលអាកាស ធាតុ។ តែយើងមានឆន្ទៈនយោបាយខ្ពស់ និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការរួមចំណែក ជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម នៅក្នុងការចរចាអន្តរជាតិ ហើយយើងអាចសម្រេច កិច្ចការនេះបាន ដោយសារតែកម្ពុជាមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។
ឯកឧត្តម ថា ជាក់ស្តែង កម្ពុជាជាប្រទេសទី១ នៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ និងជា ប្រទេសទី២ ក្នុងចំណោមប្រទេលអភិវឌ្ឍន៍តិចតួចទាំង៤៦ ដែលបានអនុម័តយុទ្ធសាស្រ្តអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលកំណត់គោលដៅត្រឹមឆ្នាំ២០៥០ ហើយបានបេ្តជ្ញា ចិត្ត និងគាំទ្រ «ចក្ខុវិស័យអាស៊ានឆ្នាំ២០២៥» ដែលផ្តោតទៅលើ តុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន។
ម្យ៉ាងទៀត ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគំនិតផ្តួចផ្តើមស្តីពី «កិច្ចព្រមព្រៀងអាស៊ានបៃតង» ក្នុងគោលបំណងផ្តល់នូវក្រប ខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់គាំទ្រការអភិវឌ្ឍដែលធន់នឹងការប្រែប្រួលអាកាសធាតុ បញ្ចេញកាបូន តិច បៃតង និងប្រកបដោយចីរភាព នៅក្នុងតំបន់៕