(មូស្គូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះចម្បាំង ចំអគារអាផាតធឺមិន មួយកន្លែងក្នុងទីក្រុងយ៉ីស្កិ៍ (Yeysk) ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ក្បែរព្រំដែនជាមួយអ៊ុយក្រែន នោះ បានកើនឡើងដល់១៣នាក់។
បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, មនុស្សទាំង១៣នាក់ដែលស្លាប់ គឺមានកុមារ៣នាក់ ខណៈ ប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិត ត្រូវបានបញ្ចប់។
ក្រសួងគ្រប់គ្រងស្ថានការណ៍គ្រាអាសន្ន បានបញ្ជាក់ថា ក្រោយការធ្លាក់យន្តហោះចម្បាំងកាល ពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមអ្នកជួយសង្គ្រោះបានជីកកកាយកម្ទេចថ្ម រកឃើញសាកសពសរុប១៣នាក់ ហើយមនុស្ស១៩នាក់ រងរបួស។ ចំណែកឯពីឡុតបើកយន្ដហោះចម្បាំងនេះបានលោតចេញ ពីយន្ដហោះជាមួយឆត្រយោងដោយសុវត្ថិភាព នៅមុនពេលយន្ដហោះធ្លាក់។
គួរបញ្ជាក់ថា យន្ដហោះចម្បាំង Su-34 ខាងលើត្រូវបានអាជ្ញាធរុស្ស៉ីបញ្ជាក់ថាបានចូលរួមក្នុងការ បណ្ដុះបណ្ដាលហោះហើរមួយចេញពីមូលដ្ឋានទ័ពអាកាស នៃយោធាភូមិភាគខាងត្បូង រីឯមូលហេតុ ធ្លាក់គឺបណ្ដាលមកពីភ្លើងឆេះម៉ាស៊ីនមួយរបស់យន្ដហោះកំឡុងពេលហោះឡើង៕