(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោកស្រី Martina Koch ប្រធានផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី និង លោកវេជ្ជបណ្ឌិត Matthias Nachtnebel ទីប្រឹក្សាផ្នែកសុខភាព និង គាំពារសង្គមប្រចាំតំបន់អាស៊ី នៃធនាគារអភិវឌ្ឍន៍ KfW នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រម ព្រៀង ហិរញ្ញប្បទានឥតសំណង ក្នុងទឹកប្រាក់សរុបចំនួន១៦លានអឺរ៉ូ ត្រូវជាប្រមាណ១៥.៥លាន ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់ កាលទី ៣ – The Health Equity and Quality Improvement Programme III (H-EQIP III)។
គម្រោង H-EQIP III នេះ មានគោលបំណងចម្បងចំនួន ៣ មានជាអាទិ៍៖ ១. រួមចំណែកដល់ការ បង្កើនសេវាសុខភាពប្រកបដោយសមធម៌ និង គុណភាពខ្ពស់ដល់ប្រជាជនក្រីក្រ និង ជនងាយរង គ្រោះ ដោយធ្វើឱ្យប្រសើរឡើងនូវការការពារ និង ការព្យាបាលជំងឺ តាមរយៈមូលនិធិសមធម៌សុខ ភាព (Health Equity Fund); ២. អន្តរាគមន៍យ៉ាងឆាប់រហ័ស និង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងករណីបញ្ហាសុខភាពផ្សេងៗ ដោយធ្វើការកែលម្អគុណភាព និង សមត្ថភាពនៃកន្លែងថែទាំសុខ ភាពសាធារណៈ; ៣. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ការកែលម្អសមភាពយេនឌ័រ និង បរិយា ប័នសង្គម ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តអាល្លឺម៉ង់ ដែលបានអនុម័តគម្រោងនេះ និងបានវាយតម្លៃថា គម្រោង H-EQIP III នេះ បានឆ្លើយតបទៅ នឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យសុខាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺ បានលើកកម្ពស់គុណភាព, ប្រសិទ្ធភាព, និង សមធម៌នៃសុខភាពប្រជាជន ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស, កំណើនសេដ្ឋកិច្ច និង វឌ្ឍនភាពសង្គម ប្រកបដោយចីរភាព តាមរយៈការបន្តចូលរួមជំរុញការអនុវត្តផែនការមួយចំនួន មានដូចជា៖ ១៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២២-២០៣០; ២៖ ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតី ភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និង៣៖ ផែនការគ្របដណ្តប់សុខភាពជាសកល ជាដើម ។
លោកស្រី Martina Koch បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ សាធា រណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ KfW បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧០ លានអឺរ៉ូ ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងការការពារសុខភាពសង្គម តាមរយៈគម្រោង ដូចជា៖ ១. គម្រោងអាហារូបត្ថម្ភនៅកម្ពុជា,២.គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល និង ៣. គម្រោង H-EQIP ដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ។
លោកស្រីបានកត់សំគាល់ឃើញថា គម្រោងខាងលើ បានជួយពង្រឹងសេវាកម្មសុខាភិបាល (ពិសេសសេវាអាហាររូបត្ថម្ភ), ពង្រីកការផ្តល់ហិរញ្ញវត្ថុ, ផ្តល់សមធម៌សុខាភិបាល ដល់ប្រជាជន ក្រីក្រ និងធានាបាននូវប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តភាព និងប្រសិទ្ធភាព ដើម្បីឈានទៅ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ក៏ដូចជាបានចូលរួមចំណែកក្នុងការ ប្រយុទ្ធប្រឆាំងទៅនឹង ជម្ងឺ COVID-19 ផងដែរ ។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ចាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ថ្ងៃនេះ គឺជានិមិត្តរូប នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងយើងពីរ ដែលបាននឹងកំពុងពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាក់ស្តែង ក្នុងក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការហិរញ្ញប្បទាន ចាប់ពី ១៩៩៣ ដល់បច្ចុប្បន្ន សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បាន ផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការប្រមាណ ៨៣៨ លានដុល្លារ អាមេរិក,ក្នុងនោះ ហិរញ្ញប្បទានឥត សំណង ចំនួន ៧៦៨ លានដុល្លារអាមេរិក និងឥណទានសម្បទានចំនួន ៧០ លានដុល្លារអាមេរិក សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា៕