អាល្លឺម៉ង់ ថ្លែងអំណរគុណកម្ពុជា សម្រាប់កិច្ចសហការ និងគាំទ្រអង្គការជាដៃគូខ្លួនក្នុងការអនុវត្ត គម្រោងនានា ពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល

 (ភ្នំពេញ)៖ លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ទទួលបន្ទុកតំបន់អាស៊ីអគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល ដែលបានសហការ សម្របសម្រួល និងគាំទ្រអង្គ ការជាដៃគូរបស់អាល្លឺម៉ង់ ក្នុងការអនុវត្តគម្រោងនានា ជាពិសេសគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល។

ទន្ទឹមនឹងនោះ លោក Udo Weber ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជការដឹក នាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសេដ្ឋកិច្ច និងសង្គមឡើង វិញ។

ការថ្លែងដូច្នេះរបស់លោក Udo Weber បានធ្វើឡើងក្នុងកិច្ចពិភាក្សាទ្វេភាគី លើវិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមអធិបតីភាព លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងមានការចូលរួមពី តំណាងស្ថានទូតអាល្លឺម៉ង់ GIZ និង KfW ដែលប្រព្រឹត្ដទៅនៅទីស្ដីការ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ។

ជាការឆ្លើយតប លោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ ក្តៅដល់គណៈប្រតិភូអាល្លឺម៉ង់ និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ទាំងបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង តាមរយៈ អង្គការ GIZ ដែលបានជួយកម្ពុជាតាំង ពីឆ្នាំ១៩៩៤ លើការកសាងសមត្ថភាពមន្រ្តីសុខាភិបាល និងកម្មវិធីគាំពារសុខភាពសង្គមនៅខេត្ត កំពង់ធំ កំពត និងកែប ព្រមទាំងធនាគារអភិវឌ្ឍអាល្លឺម៉ង់ (KfW) ។

លោកជំទាវរដ្ឋលេខាធិការក៏បានជម្រាបជូនភាគីមិត្តថា ក្រសួងសុខាភិបាលបានដាក់ស្នើសុំគម្រោង ទៅភាគីអាល្លឺម៉ង់ចំនួនពីរគម្រោងរួចហើយ គឺគម្រោងគាំពារសុខភាពសង្គម ជាជំនួយបច្ចេកទេស និងគម្រោងសុខភាពតែមួយ (One health) ជាជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា។

ក្នុងពិភាក្សានោះ កម្ពុជា​ និងអាល្លឺម៉ង់ បានប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ ជាពិសេស ចំពោះគម្រោងពីរខាងលើគឺ៖ គម្រោងគាំពារសុខភាពសង្គម និងគម្រោងសុខភាពតែមួយ (One health) ដែលនឹងត្រូវដាក់ចូលក្នុងកិច្ចប្រជុំពិគ្រោះយោយល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋា ភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕