(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២២នេះ ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់ កម្ពុជា សម្រេចបានទឹកប្រាក់ចំនួន ៤ ១៨៧.៥លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨០៨.២ លានដុល្លារអាមេរិក ស្មើនឹង២៣.៩%។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជា។ ផលិតផលវិនិយោគមិនមែនកាត់ដេរ មានដូចជា៖ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំ ខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ កុងផ្លាកេ ផលិតផលពីប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត។
ថ្លែងប្រាប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម កម្ពុជា បានឲ្យដឹងថា កត្តាដែលកម្ពុជានាំចេញផលិតផលវិនិយោគ មិនមែនកាត់ដេរ ក្នុងរយៈពេល ៩ខែ ឆ្នាំនេះ មានការកើនឡើង ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ និងការគ្រប់គ្រង កូវីដដោយជោគជ័យ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលធ្វើឲ្យគ្រប់វិស័យ ដំណើរការឡើងវិញ។
ឧកញ៉ា លឹម ហេង បានបន្ថែមទៀតថា ទន្ទឹមពេលកូវីដ១៩ រោងចក្រសហគ្រាស និងខ្សែចង្វាក់ ផលិតកម្មរបស់កម្ពុជា នៅតែដំណើរការល្អប្រសើរ ដូច្នេះធ្វើឲ្យការបញ្ជាទិញទីផ្សារខាងក្រៅ ទៅ ប្រទេសផ្សេងៗ ដែលប៉ះពាល់ដោយសារកូវីដផង និងដោយសារអស្ថេរភាពនយោបាយផងនោះ ធ្វើឲ្យការបញ្ជាទិញ មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ដែលធ្វើឲ្យមានការនាំចេញទៅកាន់សហ គមន៍អឺរ៉ុប ក៏ដូចជាអាមេរិក ដែលយើងនៅមានភាពអនុគ្រោះពន្ធ EBA ក៏ដូចជា GSP របស់អាមេរិក ដែលធ្វើឲ្យមានការកើនឡើង នាំចេញបរិក្ខារទាំងអស់នេះ។
លើសពីនោះទៀត កំណើននៃការនំចេញនេះ ទន្ទឹមពេលដែលកម្ពុជាកំពុងចាប់ផ្តើមអនុវត្ត នូវកិច្ច ព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជាចិន និងបន្ដិចទៀតកម្ពុជាជាមួយកូរ៉េខាងត្បូង ហើយជាពិសេស គឺកិច្ចព្រមព្រៀងគ្រប់ថ្នាក់តំបន់ RCEP។
ឧកញ៉ាបានគូសបញ្ជាក់ថា លទ្ធផលដែលនាំចេញ មានការកើនឡើងនេះ គឺជារឿងមួយល្អ សម្រាប់ វិស័យឯកជន ប៉ុន្តែក៏មានការព្រួយបារម្ភ នៅពេលដែលមានវិបត្ដិកើតឡើងដោយសារសង្គ្រាម ហើយ កំពុងតែដាក់ទណ្ឌកម្មលើគ្នា ធ្វើឲ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចជាសកល។
ឧកញ៉ា លឹម ហេង ក៏បានលើកឡើងថា ជាមោទនភាពទន្ទឹមពេលដែលប្រទេសផ្សេងៗ កំពុងតែជួប វិបត្តិនេះ កម្ពុជាបែបជាការនាំចេញកើនឡើង ដូច្នេះលោកសង្ឃឹមថា កម្ពុជាអនុវត្តនៃកិច្ចព្រមព្រៀង សេរីនានា ក៏ដូចជាភាពអនុគ្រោះពន្ធដែលមានស្រាប់ នឹងមិនធ្វើប៉ះពាល់ដល់ការនាំចេញ៕