(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបង្ហាញ សុទិដ្ឋិនិយមថា ថ្នាក់ដឹកនាំអាស៊ាននឹងចូលរួមជាមួយសម្តេចក្នុងការអនុម័ត «សេចក្តីថ្លែងការណ៍ស្តី ពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ដោយមើលឃើញពីសារៈសំខាន់នៃការ ជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ការបណ្តុះបណ្តាលជំនាញ និងការស្តារឡើងវិញនូវការបាត់បង់ការ សិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ កម្ពុជាបានផ្តួចផ្តើមរៀបចំសេចក្តីណែនាំអំពី «ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេស អាស៊ាន» ដើម្បីធានាថាកុមារ និងយុវជនទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ ថា៖ «ជាមួយគ្នានេះ ជំងឺកូវីដ១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឱ្យទៅជាការអប់រំបែប ឌីជីថលមួយជំហានរួចហើយ។ ក្នុងបរិការណ៍នៃការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល អាស៊ានគួរ តែខិតខំបន្ថែមទៀត ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ។ ក្នុងន័យនេះ ខ្ញុំមានសុទិដ្ឋិនិយមថា ថ្នាក់ដឹកនាំអាស៊ាននឹងចូលរួមជាមួយខ្ញុំក្នុងការអនុម័ត «សេចក្តីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថល នៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន» នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណ អាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការចូល រួមកសាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានកន្លងមករួមមាន៖ ការអប់រំឌីជីថល ការ អប់រំពីចម្ងាយ ការបង្កើតជាវេទិកាឌីជីថល ការរៀបចំតម្លើងកម្មវិធីស័យសិក្សា MoEYS E-Learning ព្រមទាំងការទទួលជោគជ័យ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង ២៧ ធ្នូ ២០២១ កន្លងទៅ។
ជាក់ស្តែង លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីប្រសិទ្ធភាពនៃ ការបង្រៀនតាមបែបឌីជីថល គុណភាពនៃការរៀនពីចំម្ងាយរបស់សិស្ស និងខិចខិតខំប្រឹងប្រែង របស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស ក្នុងការរៀន និងបង្រៀនតាម ប្រព័ន្ធអនឡាញ៕