(ឡុងដ៏)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ អោយដឹងថា អង់គ្លេសបានឲ្យដឹងថា ខ្លួននឹងបរិច្ចាគគ្រាប់មីស៊ីលការពារដែន អាកាស ដែលមានសមត្ថភាពបាញ់ទម្លាក់មីស៉ីលគ្រូស (cruise) សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការ វាយប្រហាររបស់រុស្ស៊ី លើទីក្រុងកៀវ និងទីក្រុងផ្សេងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាឡេស (Ben Wallace) បានប្រកាសពីការគាំទ្រថ្មីខាង លើនេះនៅមុនកិច្ចប្រជុំរបស់អង្គការ NATO ក្នុងទីក្រុងព្រុចសែល។ ចក្រភពអង់គ្លេស នឹងផ្តល់ មីស៊ីលរយៈចម្ងាយមធ្យកម្រិតខ្ពស់ ឬ AMRAAM ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ដែលទីក្រុង កៀវអាចយក ទៅប្រើប្រាស់ជាមួយប្រព័ន្ធការពារដែនអាកាស NASAMS ដែលសន្យាផ្តល់ដោយ សហរដ្ឋអាមេរិក។ ជាមួយគ្នានេះមីស៊ីលការពារដែនអាកាសរាប់រយ ដើមនៃប្រភេទផ្សេងៗគ្នាទៀត ក៏នឹងត្រូវផ្តល់ឲ្យអ៊ុយក្រែនរួមជាមួយនឹងយន្តហោះដ្រូន និងកាំភ្លើងធំផងដែរ។
គួរបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើង ជាពិសេសការវាយប្រហារតាមអាកាសចុងក្រោយ បង្អស់របស់រុស្ស៊ី ខណៈទីក្រុងកៀវ កំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តបញ្ជូនប្រព័ន្ធការពារដែនអាកាសមកបន្ថែម៕