(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការ កសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានប្ដូរវេនអាស៊ាន បានណែនាំឲ្យយកចិត្តទុក ដាក់លើកិច្ចការសំខាន់ៗ ចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈម និងបំផុសសក្ដានុពលសហគ្រិន ស្ដ្រី។ ការដាក់ចេញនូវទិសអាទិភាពការងារចំនួន៤នេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានមើល ឃើញថា សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើនចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឲ្យមាន ការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។
ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្តានុពលសហគ្រិនស្ត្រី និងបង្កភាពងាយ ស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និងផ្តល់ការយក ចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចខាងក្រោម៖
* ទី១៖ រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាស ធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិត សង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។
* ទី២៖ ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskiling) និងបណ្ដុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និងក្មេងស្រី រួមទាំងកម្មវិធីអប់រំ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) ។
* ទី៣៖ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងឌីជីថល សម្រាប់ស្ត្រី និងក្មេងស្រី តាមរយៈការផ្ដល់នូវ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល (Financial and Digital Literacy) និងការសម្រួលលទ្ធភាព ទទួលឥណទាន ទីផ្សារ និងព័ត៌មាន ក្នុងការចាប់ផ្តើម និងអភិវឌ្ឍអាជីវកម្ម ។
* ទី៤៖ ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម, វិធានការគោលនយោបាយនានាផ្នែក គាំពារសុខុមាភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និងការងារផ្ទះរបស់ស្ត្រី ព្រមទាំង ការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម។ គួរជម្រាបថា កិច្ចប្រជុំ កំពូលស្ត្រីអាស៊ាន លើកទី២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្តា ប្រទេសអាស៊ាន និងប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការរួមសាមគ្គី និងសហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី៕