ណាតូ នឹងធ្វើសមយុទ្ធនុយក្លេអ៊ែរតាមផែនការ ចំពោះមុខការគំរាមប្រើអាវុធនុយក្លេអ៊ែរពីរុស្ស៉ី

 (ព្រុចសែល)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ បញ្ជាក់ថា បក្សសម្ព័ន្ធយោធាណាតូ (NATO) បានឱ្យដឹងថាខ្លួននឹងដឹកនាំការ ធ្វើសមយុទ្ធនុយក្លេអ៊ែរតាមគ្រោងទុក នៅសប្ដាហ៍ក្រោយនេះ បើទោះជា កំពុងមានភាពតានតឹង ជាមួយរុស្ស៉ី និងការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរពីសំណាក់លោក ពូទីន នៅក្នុងសង្រ្គាមជាមួយ អ៊ុយក្រែនក៏ដោយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អគ្គលេខាធិការណាតូ លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) ក៏បានបញ្ជាក់ដែរថា សមយុទ្ធនុយក្លេអ៊ែរខាងលើ គឺជាសមយុទ្ធ ប្រចាំជាទម្លាប់ធម្មតាដែលត្រូវបានគ្រោងទុកអស់រយៈពេលជាយូរមកហើយ ពោលគឺនៅមុនរុស្ស៉ី ឈ្លានពាន អ៊ុយក្រែនមកម្ល៉េះ។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើវាជាគំនិតល្អដែរទេ ដែលគេគួរតែលុបចោលសមយុទ្ធយោធានេះដើម្បីបន្ធូរបន្ថយ ភាពតានតឹងជាមួយរុស្ស៉ី លោក ស្ដូល ធិនបឺគ បានសង្កត់ធ្ងន់ដូច្នេះថា «វានឹងក្លាយជាការបញ្ជូនសញ្ញាខុស ប្រសិនបើយើងលុបចោល សមយុទ្ធជាទម្លាប់មួយ នេះដែលត្រូវបានគ្រោងទុកជាយូរណាស់មកហើយ ភ្លាមៗក្នុងពេលនេះ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន»។ លោកបន្ថែមថាមានតែសមត្ថភាពយោធា ខ្លាំងក្លារបស់ណា តូទេ ដែលជាមធ្យោបាយល្អក្នុងការបង្ការឱ្យជម្លោះផ្ទុះឡើងកាន់តែធំ។

សូមជម្រាបថា សមយុទ្ធនុយក្លេអ៊ែររបស់ណាតូ ដែលមានឈ្មោះថា «Steadfast Noon» នឹងត្រូវ ធ្វើឡើងនៅសប្ដាហ៍ក្រោយ ក្នុងចម្ងាយជាង ១,០០០គីឡូម៉ែត្រ ពីរុស្ស៉ី ដោយមានការចូលរួមពី យន្ដហោះចម្បាំងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ មកពីប្រទេសចំនួន១៤ ក្នុងចំណោម សមាជិកទាំង៣០ប្រទេស របស់អង្គការណាតូ ហើយសមយុទ្ធនេះនឹងមិនមានការទម្លាក់គ្រាប់ បែកនុយក្លេអ៊ែរពិតៗនោះទេ៕