រដ្ឋបាលខេត្តព្រះសីហនុ ហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ មានកម្ពស់លើសពី ២.៣ម៉ែត្រ ឆ្លងកាត់ផ្លូវលេខ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧

 (ព្រះសីហនុ)៖ យោងតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានអោយដឹងថា រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់របាំងហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ ប្រភេទ ដែលមានកម្ពស់លើសពី ២.៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។

ការហាមឃាត់បែបនេះ របស់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថាការធ្វើ ចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច រថយន្តដឹកទំនិញ និង រថយន្តធុនធ្ងន់ផ្សេងៗទៀត ឆ្លងកាត់ផ្លូវលេខ៨០១ ផ្លូវលេខ៨២១ ផ្លូវលេខ៨២៣ និងផ្លូវលេខ៨២៧ បានបង្កគ្រោះថ្នាក់ជាញឹកញាប់បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស ខូចខាតទ្រព្យសម្បត្តិប្រជាពល រដ្ឋ និងបរិក្ខាផ្លូវថ្នល់។

រដ្ឋបាលខេត្តបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមូលហេតុថា ផ្លូវទាំង៤ខ្សែខាងលើនេះ ជាផ្លូវ មានចំណោតខ្លាំង និងវែង មិនសមស្រមឱ្យប្រភេទរថយន្តធុនធ្ងន់ធ្វើចរាចរឆ្លងកាត់។ ក្នុងន័យនេះ ដើម្បីទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍នៅទីតាំងខាងលើ រដ្ឋបាលខេត្តនឹងរៀបចំដាក់របាំងហាមឃាត់ រថយន្តឆ្លងកាត់ដែលមានកម្ពស់២,៣ម៉ែត្រ ស្លាកសញ្ញាជូនដំណឹង និងស្លាកសញ្ញាហាមឃាត់នានា លើផ្លូវលេខ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧»

រដ្ឋបាលខេត្តព្រះសីហនុសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកម្ពស់លើសពី២.៣ម៉ែត្រចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕