សេដ្ឋកិច្ចថៃស្ទុះងើបឡើងវិញ ខណៈវិស័យទេសចរណ៍វិលត្រឡប់មកវិញ

 (បាងកក)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានប្រាប់អ្នក យកព័ត៌មាននៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនរងផលប៉ះពាល់ដោយការធ្លាក់ចុះសេដ្ឋកិច្ចសកលទេ ដោយសារការស្ទុះងើបឡើងវិញនៃ វិស័យទេសចរណ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Arkhom ខណៈថ្លែងថា ៖ «សេដ្ឋកិច្ចរបស់យើងអាស្រ័យលើវិស័យទេសចរណ៍ដែលកំពុងស្ទុះងើបឡើងវិញជាលំដាប់»។ លោកបន្ថែមថា មិនមែនគ្រប់ប្រទេសកំពុងឆ្លងកាត់ការថមថយកំណើនសេដ្ឋកិច្ចទាំងអស់នោះទេ ហើយដូច្នេះ ផលប៉ះពាល់មកលើទីផ្សារទេសចរណ៍របស់ប្រទេសថៃនឹងមានកម្រិត។

លោក Arkhom បានមានប្រសាសន៍ថា៖ «ក្នុងរដូវរងា ភ្ញៀវទេសចរអឺរ៉ុបចង់គេចពីភាពត្រជាក់ មកកាន់ប្រទេសថៃ»

វិស័យទេសចរណ៍គឺជាកត្តាជំរុញដ៏សំខាន់មួយនៃសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះ។ ក្នុងឆ្នាំ២០១៩ ថៃបានស្វាគមន៍ភ្ញៀវទេសចរជិត ៤០លាននាក់ ដែលបានចំណាយប្រាក់ ១,៩១ពាន់ ពាន់លានបាត។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលថៃរំពឹងថាប្រាក់ចំណូល ពីវិស័យទេសចរណ៍នឹងកើនដល់ ៦៤,៥ ពាន់លានដុល្លារនៅឆ្នាំនេះពីភ្ញៀវទេសចរចំនួន ១០លាន នាក់។ លោក Arkhom បានឱ្យដឹងទៀតថា គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុនឹងត្រូវបាន រួមបញ្ចូលគ្នា ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច បន្ទាប់ពីធនាគារកណ្តាលថៃបានដំឡើង អត្រាការប្រាក់គោលចំនួន ០,២៥ភាគរយចំនួនពីរលើកគឺក្នុងខែសីហា និងខែកញ្ញា។

លោកបានបន្ថែមថា៖ «ធនាគារកណ្តាលថៃបានបញ្ជាក់ថា ការដំឡើងអត្រាការប្រាក់នឹងពិនិត្យ មើលលើកត្តាជាច្រើនដើម្បីធានាឱ្យមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច»