លោក ហ្សេលេនស្គី ស្នើសុំអាវុធបន្ថែមពីលោកខាងលិច ខណៈច្រានចោលកិច្ចចរចាសន្តិភាព ជាមួយលោក ពូទីន


 (កៀវ)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវជាថ្មីឱ្យ បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 បញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមមកឱ្យទីក្រុងកៀវ ខណៈ លោកផ្ទាល់ច្រានចោលកិច្ចចរចាសន្តិភាពជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

ថ្លែងទៅកាន់មេដឹកនាំ G7 នៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងកិច្ចប្រជុំតាមវីដេអូមួយ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថានៅពេលដែលអ៊ុយក្រែន ទទួលបានអាវុធ និងប្រព័ន្ធការពារដែនអាកាសទំនើបៗ បន្ថែម នោះការវាយប្រហារដ៏សាហាវ រួមទាំងការបាញ់គ្រាប់រ៉ុក្កែត ឬមីស៊ីលពីសំណាក់ រុស្ស៉ីនឹងត្រូវ បានទប់ស្កាត់។

សូមបញ្ជាក់ថា អ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះទទួលបានប្រព័ន្ធការពារដែនអាការ IRIS-T មួយ គ្រឿងដំបូងក្នុងចំណោម៤គ្រឿង ពីអាល្លឺម៉ង់ ហើយខាងសេតវិមានក៏បានឱ្យដឹងដែរថាសហរដ្ឋ អាមេរិកកំពុងបង្កើនល្បឿនក្នុងការបញ្ជូនប្រព័ន្ធមីស៊ីល NASAMS ឱ្យអ៊ុយក្រែន ខណៈមកទល់នឹង ពេលនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្ដល់ជំនួយយោធាគិតទឹកប្រាក់ជាង ១៦.៨ពាន់លានដុល្លារហើយ ដល់ទីក្រុងកៀវ៕