កូរ៉េខាងត្បូងអះអាងថា រញ្ជួយដីកម្រិតតូចមួយនៅកូរ៉េខាងជើង នាថ្ងៃសៅរ៍នេះ គឺទំនងជាកើតឡើង ដោយកត្តាធម្មជាតិ


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែតុលា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា បាតុភូតរញ្ជួយដី កម្រិតតូចមួយ ដែលបានកើតឡើងកាលពីយប់រំលងអធ្រាត្រ ថ្ងៃសៅរ៍នេះ នៅក្បែរមូលដ្ឋានធ្វើតេស្ត អាវុធនុយក្លេអ៊ែរបស់ប្រទេសកូរ៉េខាងជើង គឺទំនងជារញ្ជួយដីបង្កដោយកត្តាធម្មជាតិប៉ុណ្ណោះ។

រដ្ឋបាលឧតុនិយមកូរ៉េរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា រញ្ជួយដីមួយមានកម្រិត២.៥រ៉ិចទ័រ បានកើតឡើងនៅទីតាំងមួយកន្លែង ស្ថិតនៅភាគឦសាននៃមូលដ្ឋាន ភូងហ្គីរី (Punggye-ri) ដែល កូរ៉េខាងជើងតែងប្រើសម្រាប់ ការសាកល្បងបំផ្ទុះអាវុធនុយក្លេអ៊ែររបស់ខ្លួន។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង បានវាយតម្លៃថា វាគឺជារញ្ជួយដីកើតឡើងដោយធម្មជាតិ ជាជាង ដោយសារការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរ ហើយមានជម្រៅ២៣គីឡូម៉ែត្រក្រោមផ្ទៃដី។

នៅទីតាំងខាងលើ ក៏ធ្លាប់ត្រូវបានកត់ត្រាអំពីបាតុភូតរញ្ជួយដីតូចៗជាច្រើនទៀតផងដែរ នៅក្នុងឆ្នាំ នេះ ដែលក្រុមអ្នកវិភាគបានអះអាងថា គឺបណ្តាលមកពីអស្ថិរភាពនៃភូគព្ភសាស្ដ្រ ដោយសារតែ សកម្មភាពនៅកន្លែងធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាង ត្រូវទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោនជឿជាក់ថា បានត្រៀមលក្ខណៈរូចរាល់អស់ហើយ សម្រាប់ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរជាលើកទី៧ នៅមូលដ្ឋាន ភូងហ្គីរី ដែលនឹងជាលើកដំបូងបំផុត គិតចាប់ ពីឆ្នាំ២០១៧មក៕