(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ បានអោយដឹងថា អ្នកនាំពាក្យម្នាក់របស់រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះបាននិយាយថាចិន មានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ដោយ សន្តិវិធី។
លោក ម៉ា សៀវហ្គ័ង (Ma Xiaoguang) ដែលជាអ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់ របស់ចិន ធ្វើការកត់សម្គាល់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងទីក្រុងប៉េកាំង។ លោក ម៉ា បានគូសបញ្ជាក់ដូច្នេះថា «ចិនមានបំណងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចឱ្យបាននូវការ បង្រួបបង្រួមជាតិដោយសន្តិវិធី ហើយ ការបង្រួបបង្រួមជាតិនេះត្រូវតែធ្វើឡើងដោយចៀសមិនរួច»។ លោកបន្ថែមថាការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការការពារទឹកដីរបស់ខ្លួន គឺមិនងាករេឡើយ។
គួរបញ្ជាក់ថា ចិនបានលើកឡើងនូវគំរូ «ប្រទេសមួយ ប្រព័ន្ធ ២» សម្រាប់តៃវ៉ាន់ ដូចគ្នាទៅនឹងទីក្រុង ហុងកុង ដែរ។ ក៏ប៉ុន្តែ សំណើនេះត្រូវបានរដ្ឋាភិបាលតៃវ៉ាន់ ក្រោម ការដឹកនាំរបស់លោកស្រី សៃ អ៉ីងវិន បានច្រានចោល ដោយបញ្ជាក់ថាកោះតៃវ៉ាន់ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន នោះទេ៕