(ភ្នំពេញ)៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្សនិងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) គ្រោងនឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៧ ផ្តោតលើការងារអភិរក្ស និង អភិវឌ្ឍន៍តំបន់ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ នៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងដឹកនាំគណៈប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំខាងលើនេះ រួមជាមួយនឹងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ជារដ្ឋសមាជិកចំនួន៧ប្រទេស រួមមានលោកស្រី Devyani Uttam Khobragade អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ជាសហប្រធានឥណ្ឌា និងលោកស្រី Zhe Ye អគ្គនាយករងទទួលបន្ទុកការផ្លាស់ប្តូរ និងសហប្រតិបត្តិការនៃរដ្ឋបាលវប្បធម៌និងបេតិកភណ្ឌចិន ជាសហប្រធានចិន ព្រមទាំងតំណាងរដ្ឋ សមាជិកមកពីប្រទេសជប៉ុន សាធារណរដ្ឋបារាំង សាធារណរដ្ឋកូរ៉េ ប៊ែលហ្ស៉ិក ថៃ និងសហរដ្ឋ អាមេរិក។
កិច្ចប្រជុំបច្ចេកទេសនេះនឹងផ្តោតលើការពិភាក្សាអំពីការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិ ព្រះវិហារ រួមមាន គម្រោងជួសជុលគោបុរៈទី៥នៃប្រាសាទព្រះវិហារដោយអ្នកជំនាញការឥណ្ឌា, គម្រោងអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើងនៃប្រាសាទព្រះវិហារដំណាក់កាលទី៣ ក្រោម ការឧបត្ថម្ភហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក, គម្រោងសិក្សាលើហេដ្ឋារចនាសម្ព័ន្ធព្រះបរមរាជវាំង តំបន់កោះកេរដោយប្រើប្រាស់បច្ចេកវិទ្យា GPR, គម្រោងជួសជុលប្រាសាទមួយចំនួនក្នុងតំបន់ រមណីយដ្ឋានព្រះវិហារនិងកោះកេរ ក៏ដូចជាគម្រោងអភិវឌ្ឍសហគមន៍ និងធនធានធម្មជាតិផង ដែរ។ នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអន្តរជាតិនិងជាតិនឹងធ្វើការបំពេញបេសកកម្ម២ថ្ងៃ នៅ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដើម្បីសិក្សាលម្អិតនិងរាយការណ៍ ជូនអង្គប្រជុំ ICC-Preah Vihear នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍ ICC-Preah Vihear តែងរៀបចំកិច្ចប្រជុំ ICC-Preah Vihear ចំនួន២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសនៅរៀងរាល់ខែកញ្ញា ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍ លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕