រដ្ឋមន្ត្រី ថោង ខុន អោយដឹងថា សប្ដាហ៍ទី៣ខែកញ្ញា ទទួលបានភ្ញៀវទេសចរ៣០ម៉ឺននាក់


 (ភ្នំពេញ)៖ ថ្ងៃចុងសប្តាហ៍ ទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ៣០០,៣៨៥នាក់ ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។ នេះបើតាមឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់អោយដឹងថា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* រាជធានីភ្នំពេញ ៦៩,៤០៤នាក់
* ខេត្តព្រះសីហនុ ២៩,៤២២នាក់
* ខេត្តកណ្តាល ២៥,០៩៣នាក់
* ខេត្តសៀមរាប ២៤,៥៧៧នាក់
* ខេត្តកំពត ២២,៥៥៥នាក់
* ខេត្តបាត់ដំបង ២០,១៩០នាក់
* ខេត្តកំពង់ចាម ១៩,៩៤៩នាក់
* ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់
* ខេត្តកែប ១២,៥១៩នាក់
* ខេត្តពោធិ៍សាត់ ១២,០៣៧នាក់។

ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា តួលេខខាងលើ មានការកើនឡើងប្រមាណ៤៧.៣% ធៀបនឹង សប្តាហ៍កន្លងមក។ នាចុងសប្តាហ៍កន្លងមក មានប្រជាពលរដ្ឋជាច្រើនបានចេញទៅដាក់បិណ្ឌនៅ តាមវត្តអារាមនានា និងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាព ចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។

ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទៅ ដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាតម្លៃសមរម្យ បរិស្ថាន អនាម័យនិងបញ្ជៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕