(ភ្នំពេញ)៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថ លេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែក ឡើងបាយ ជាមួយមូលនិធិ GX តំណាងដោយលោក លឿង ជុង យីង អនុប្រធានគណៈកម្មាធិ ការជាតិ នៃក្រុមប្រឹក្សា-នយោបាយប្រជាជនសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានមូនិធិ GX មានការចូលរួមពីលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Rosewoodនេះ បានធ្វើឡើងយោងតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និងកិច្ច សហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពី គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្ដព្រៃវែង ត្រូវបានចុះហត្ថលេខា កាលពីខែតុលា ឆ្នាំ២០១៩ ប៉ុន្តែត្រូវបានពន្យារពេលអនុវត្ត ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក។
គម្រោងនេះរួមមាន ១៖ ការផ្ដល់គ្លីនិកចល័តសម្រាប់វះកាត់ភ្នែកឡើងបាយ ដោយមានបំពាក់សម្ភារៈ បរិក្ខារវះកាត់ភ្នែក ចំនួន ២គ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺទំហំ៣៥កៅអី ចំនួន១គ្រឿង, ២៖បញ្ជូនគ្រូពេទ្យឯកទេសចក្ខុរោគ ទៅបណ្ដុះបណ្ដាលបន្ថែមនៅប្រទេសចិន និង៣៖ ក្រុមគ្រូពេទ្យចិននឹងសហការជាមួយគ្រូពេទ្យកម្ពុជា ដែលបានទទួលការបណ្តុះបណ្តាល ផ្ដល់សេវាវះ កាត់ភ្នែកឡើងបាយ ឬបញ្ហាភ្នែកផ្សេងៗនៅខេត្ដព្រៃវែងដោយឥតគិតថ្លៃផងដែរ។
ឯកឧត្តម រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានសង្កត់ធ្ងន់ថា «នេះគឺជាគម្រោងទី២ហើយ ដោយគម្រោងទី១ ត្រូវបានអនុវត្ដដោយជោគជ័យ នៅខេត្ដកំពង់ចាម នាឆ្នាំ២០១៩ ក្រោមកិច្ចសហការរវាងក្រសួងសុខា ភិបាល និងមូលនិធិអាស៊ីសម្រាប់បង្ការភាពពិការភ្នែក ឧបត្ថម្ភដោយមជ្ឈមណ្ឌលខ្សែក្រវ៉ាត់និងផ្លូវ នៃទីក្រុងហុងកុង ដោយបានវះកាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃ បានជាង ៦,០០០នាក់ ហើយពួកគាត់អាចបន្តជីវិតរស់នៅដោយភាពសប្បាយរីករាយ»។
ឯកឧត្តម រដ្ឋមន្រ្តីបានគូសរំលេចថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូល ប្រយុ ទ្ធនឹងជំងឺកូវីដ-១៩ មូលនិធិ GX នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយជាឧបករណ៍ បរិក្ខារវេជ្ជសាស្រ្ត ជូនរាជរដ្ឋាភិបាលនៃកម្ពុជា រួមមាន ១៖ម៉ាស៊ីនអុកស៊ីហ្សែន ចំនួន៣០០គ្រឿង, ២៖ ម៉ាស់វះកាត់ ចំនួន ១,០០០,០០០ម៉ាស់, ៣៖ អាវបំពង់ ចំនួន ៣០,០០០អាវ, ៤៖ស្រោមដៃ ចំនួន ១៦០,០០០គូ, ៥៖ វ៉ែនតាសុវត្ថិភាព ចំនួន ១០,០០០ និង៦៖ របាំងមុខ ចំនួន ១០,០០០។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស ការផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងក្រុមវេជ្ជសាស្រ្ត ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើង សេវាសុខាភិបាល ជាពិសេសក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តម ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្តល់ជំនួយជូនរាជ រដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសុខាភិបាល ព្រមទាំង លោក លឿង ជុន យីង អនុប្រធានគណៈកម្មាធិ ការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX ព្រមទាំងសហការីទាំង អស់ និងមូលនិធិ GX ដែលតែងតែជួយឧបត្ថម្ភក្រសួងសុខាភិបាល៕