លោក ចូ បៃដិន បញ្ជាក់ជាថ្មីថា កងទ័ពអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនប្រើកម្លាំងយោធា


 (វ៉ាស៉ីនតោន)៖  យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយជាថ្មីថា កងទ័ព អាមេរិកនឹងការពារកោះតៃវ៉ាន់ ក្នុងករណីដែលចិនប្រើកម្លាំងយោធា ហើយនេះជាការធ្វើអត្ថាធិប្បាយ ដ៏ច្បាស់លាស់បំផុតរបស់លោកជុំវិញបញ្ហាដ៏រសើបនេះ មកទល់បច្ចុប្បន្នដែលជារឿយៗតែងតែបង្ក ឱ្យចិនផ្ទុះកំហឹង។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS រយៈពេល ៦០នាទី ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក បៃដិន ត្រូវបានចោទសួរថាតើកងកម្លាំងសហរដ្ឋ អាមេរិកនឹងការពារកោះតៃវ៉ាន់ ឬយ៉ាងណា? ជាការឆ្លើយតប លោក បៃដិន បានឆ្លើយយ៉ាងដូច្នេះ ថា «ពិតណាស់ ប្រសិនបើមានការវាយប្រហារណាមួយដែលមិនធ្លាប់មានពីមុនមក»

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរឱ្យកាន់តែច្បាស់ថាតើចំណាត់ការរបស់អាមេរិកនៅតៃវ៉ាន់ គឺមិនដូចនៅអ៊ុយក្រែនដែរឬក៏យ៉ាងណា លោក បៃដិន បានឆ្លើយយ៉ាងខ្លីថា «ជាការពិតណាស់ គឺ មិនដូចទេ»។ យ៉ាងនេះក្តី លោក បៃដិន នៅតែរំលឹកឡើងវិញថាសហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យ ភាព របស់តៃវ៉ាន់ឡើយ ហើយនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយ «ចិនតែមួយ»