លោក ហ្សេលេនស្គី សន្យាថានឹងមិនបន្ធូរដៃឡើយ ខណៈសម្ព័ន្ធមិត្តបារម្ភពីការសងសឹករបស់រុស្ស៊ី


 (កៀវ)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថាកងកម្លាំង របស់លោកនឹងមិនបន្ធូរដៃឡើយ នៅក្នុងការតស៊ូប្រយុទ្ធដណ្ដើម យកទឹកដីដែលរុស្ស៉ីកំពុងគ្រប់ គ្រងត្រឡប់មកវិញ នៅចំពោះមុខការព្រួយបារម្ភថាទីក្រុងមូស្គូអាចនឹងបង្កើនការវាយប្រហារ។

យោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បាននិយាយថាកងកម្លាំងរបស់ខ្លួនបាន ធ្វើការវាយបកលើការវាយប្រហារពីកងទ័ពរុស្ស៉ី នៅតាមទីតាំងជាច្រើនក្នុងតំបន់ខាកៀវ និងតំបន់ ខឺសុន ជាទីដែលអ៊ុយក្រែនកំពុងបើកប្រតិបត្តិការវាយដណ្ដើមយកទឹកដីមកវិញ។ ថ្លែងនៅក្នុងសុន្ទរកថា ក្នុងថ្ងៃដដែលនោះដែរ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា  «ប្រហែលជានៅក្នុងចំណោមអ្នកទាំងអស់គ្នា មានអ្នកខ្លះកំពុងគិតថាក្រោយទទួល បានជោគជ័យ ជាបន្តបន្ទាប់ បច្ចុប្បន្នយើងនឹងសម្រាក ប៉ុន្តែវានឹងមិនមានការសម្រាកទេ ហើយយើងកំពុងត្រៀមខ្លួន សម្រាប់ដំណាក់កាលបន្ទាប់…សម្រាប់ អ៊ុយក្រែនច្បាស់ណាស់ ត្រូវតែទទួលបានសេរីភាព»