សម្ដេចក្រឡាហោម ស ខេង ចាត់ទុកល្បែងស៉ីសងខុសច្បាប់ គឺជាជំងឺមហារីកសង្គម ដែលត្រូវតែ ដោះស្រាយបន្ទាន់


 (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ សំខាន់មួយនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចាត់ទុកថា បទល្មើសល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ គឺជាជំងឺមហារីកនៃសង្គម បើមិនរួមគ្នាដោះស្រាយទេនោះ មេរោគមហារីកនេះ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែមានភាពស្មុគស្មាញ។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេច ក្រឡាហោម ស ខេង បានអះអាងថា ល្បែងស៉ីសងខុសច្បាប់នេះហើយ ក៏ជាដើមចមដែលនាំឲ្យ មានអំពើជួញដូរមនុស្សគ្រប់ទម្រង់កើតមានឡើង នៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទាក់ទងនឹងប្រឆាំងការជួញដូរមនុស្សគ្រប់ ទម្រង់ តាមរបៀបធ្វើទារុណកម្ម ជួញដូរពលកម្ម ឆបោក មែនទែនទៅគឺផ្ដើមចេញពីល្បែងខុស ច្បាប់។ ល្បែងខុសច្បាប់ ជាមេរោគមហារីកនៃសង្គម បើយើងមិនដោះស្រាយទេ មេរោគកាន់តែរីក ធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ»។

បើតាមការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្ដ ការ៣ ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នា ក្នុងនោះរួមមាន សង្គ្រោះជនរងគ្រោះ បង្ក្រាបល្បែង និងផ្ដន្ទា ទោសអ្នកដែលប្រព្រឹត្តបទល្មើស (បើកល្បែងខុសច្បាប់)។

បន្ថែមពីនេះ សម្ដេច ស ខេង ក៏បានណែនាំឲ្យបង្កើនការគ្រប់គ្រងជនបរទេស ដែលចូលមកស្រុក ខ្មែរឲ្យបានត្រឹមត្រូវ ក្នុងរួមមានទាំងការពិនិត្យលើប័ណ្ណការងារ ដើម្បីធ្វើការក្នុងក្រុមហ៊ុន ឬសហ គ្រាសនានា ជៀសវាងធ្លាក់ក្នុងឧបាយកលផ្សេងៗ តបតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺត្រូវអនុវត្តឲ្យបានច្បាស់លាស់។

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងទៀតថា ទាក់ទងនឹងរឿងបង្ក្រាបបទល្មើសល្បែងស៊ីសង នេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវម្ចាស់ការទទួលបន្ទុកក្នុងមូលដ្ឋានដែនសមត្ថកិច្ច របស់ខ្លួន ហើយត្រូវបង្ក្រាបឲ្យអស់ពីមូលដ្ឋានទាំងល្បែងស៉ីសង់តាមអនឡាញ ឬល្បែងស៊ីសង់ ផ្សេងៗទៀតគ្រប់ទម្រង់។

សម្ដេចសង្កត់ធ្ងន់ទៀតថា ការបង្ក្រាបល្បែងស៉ីសងនេះ ត្រូវធ្វើឡើងទៅតាមច្បាប់ជាធរមាន ក្នុងនោះ ត្រូវក្ដាប់ឲ្យបានកន្លែងណាដែលមានល្បែងស៉ីសងខុសច្បាប់ ហើយត្រូវធ្វើការត្រួតពិនិត្យ និងដោះ ស្រាយនៅកន្លែងនោះ ដូចអ្វីដែលបានធ្វើកន្លងមកនៅខេត្តព្រះសីហនុ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យ មន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិត្រូវបង្ក្រាបឲ្យអស់នូវល្បែង ស៊ីសងខុសច្បាប់ គ្រប់ប្រភេទ។ ប្រសិនបើអភិបាលរាជធានី/ខេត្ត អភិបាលក្រុង/ស្រុក/ខណ្ឌរូបណាមិនទទួលខុសត្រូវ លើតួនាទី បណ្តោយឲ្យល្បែងស៉ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន សម្ដេចតេជោមិនស្ទាក់ ស្ទើរក្នុងការដកចេញពីមុខតំណែងនោះឡើយ។

ក្រោយបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ប៉ុន្មានថ្ងៃមកនេះយើងសង្កេតឃើញថា កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ពិសេសកម្លាំងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តផ្ទាល់តែម្ដង បាន ប្រឹងប្រែងបង្ក្រាបទាំងយប់ទាំងថ្ងៃ និងឈានដល់ការឃាត់ខ្លួនមនុស្សជាបន្ដបន្ទាប់ផងដែរ៕