(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មិនមានការ ពិភាក្សាអំពីការចល័តទ័ពទូទាំងប្រទេស ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន នោះទេ បើទោះបីជាមានសម្ពាធកាន់តែខ្លាំងឡើង ដើម្បីធ្វើដូច្នេះបន្ទាប់ពីប្រទេសរុស្ស៊ី បានទទួលរង នូវការបរាជ័យដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជិតប្រាំពីរខែនៃសង្រ្គាមក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានគេសួរសម្រាប់ថ្ងៃទីពីរជាប់ៗគ្នាថា តើរុស្ស៊ីនឹងប្រមូលកងទ័ពបម្រុងរបស់ខ្លួនដែរឬយ៉ាងណា បន្ទាប់ពីត្រូវបានបណ្តេញចេញស្ទើរតែ ទាំងអស់ ពីតំបន់ Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន។ លោកបានឆ្លើយថា «បច្ចុប្បន្ន មិនមានការពិភាក្សាអំពីរឿងនេះទេ»។
ទីក្រុងមូស្គូ បានបោះបង់ចោលទីក្រុងដែលជាមូលដ្ឋានដ៏សំខាន់មួយរបស់ខ្លួន នៅភាគខាងឦសាន នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពអ៊ុយក្រែនកាន់តែវាយរុលទៅ មុខយ៉ាងលឿនរហ័ស ចាប់តាំងពីបានបើកប្រតិបតិ្តការវាយបកដណ្ដើមទឹកដីមកវិញ។
ការបាត់បង់ទីក្រុងអ៉ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) គឺជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កង ទ័ពរុស្ស៉ី ចាប់តាំងពីបានដកថយចេញពីរដ្ឋធានីកៀវ កាលពី ខែមីនាមក ហើយនេះក៏ជាចំណុចរបត់ ថ្មីមួយ នៃសង្រ្គាមដែលអូសបន្លាយពេលជាង៦ខែមកនេះដែរ។ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ក្រសួងការពារជាតិរុស្ស៉ីក៏បានទទួលស្គាល់ពីបរាជ័យនេះដែរ ហើយបានបញ្ជាឱ្យកងទ័ព រុស្ស៉ីចាកចេញពីតំបន់នៅជុំវិញទីក្រុង អ៊ីស្យូម ដើម្បីទៅពង្រឹងប្រតិបត្តិការឡើងវិញនៅតាម មូលដ្ឋានដទៃនៃតំបន់ដូណេត នៃភាគខាងកើតប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះ នៅពេលដក ថយ កងទ័ពរុស្ស៉ីក៏ត្រូវបានគេរាយការណ៍ផងដែរថា បានបោះបង់ចោលឃ្លាំងគ្រាប់រំសេវ និងបរិក្ខារ យោធាជាច្រើន៕