កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ


 (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេក្តីប្រកាសព័ត៌មាន បន្ទាប់ពីជំនួបរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី យ៉ុតសាណា វ៉ាម៉ា នាយកស្ថានតំណាងតែងតាំងថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដោយភាគីកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធ។ ក្នុងអំឡុងពេលជំនួបសម្តែងការគួរសម នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអបអរសាទរ ចំពោះការតែងតាំងលោកស្រី។

ឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និង ADB ព្រមទាំងបានអរគុណ ADB ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ចំពោះការផ្តល់ជំនួយ និងហិរញ្ញប្បទានដល់កម្ពុជានាពេលកន្លងមក ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការគំរាមកំហែងសុខភាពសកល ADB បានជួយ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងការរីករាលដាលនៃ​ជំងឺកូវីដ១៩ តាមរយៈ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល បង្កើនការគាំទ្រសង្គមដល់ជនក្រីក្រ និងជនងាយរងគ្រោះ និងផ្តល់ ការជំរុញសេដ្ឋកិច្ចដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម។

លោកស្រី យ៉ុតសាណា វ៉ាម៉ា មានការពេញចិត្តចំពោះភាពជាដៃគូជិតស្និទ្ធ និងកិច្ចសហការល្អរវាង ភាគីទាំងពីរ។ លោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយម​ចំពោះនិទស្សន៍​សេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំង បានអបអរសាទរកម្ពុជាក្នុងនាមជាប្រធានអាស៊ានចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់​ព័ន្ធកាលពីដើមខែសីហា ឆ្នាំ២០២២ ដែលបានឆ្លុះ បញ្ចាំងយ៉ាងច្បាស់ពីកិត្តិសព្ទរបស់កម្ពុជានៅក្នុងសហគមន៍អន្តរជាតិ។

ឧបនាយករដ្ឋមន្រ្តី និងលោកស្រី យ៉ុតសាណា វ៉ាម៉ា ទន្ទឹងរង់ចាំធ្វើការរួមគ្នាក្នុងអំឡុងពេលនៃឆ្នាំ ដ៏ប្រឈមនេះ សំដៅបន្តជំរុញនូវកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាពក្រោយជំងឺកូវីដ១៩។

ឆ្លៀតឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបលោកស្រី វ៉ាម៉ា ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតអញ្ជើញប្រធាន ADB ជាភ្ញៀវរបស់ប្រធានអាស៊ាន ចូលរួមក្នុង កិច្ចសន្ទនាសកលអាស៊ានលើកទី២ ដែលនឹងប្រារព្ធធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ៕