រុស្ស៊ី វាយប្រហារលើគោលដៅក្នុងតំបន់ Kharkiv ខណៈអ៊ុយក្រែនវាយសម្រុកកាន់តែលឿន នៅភាគខាងជើង


 (មូស្គូ)៖  យោងតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ ២០២២ គឺ ក្រសួងការពារជាតិរុស្ស៉ី បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយលុកលើគោលដៅ របស់អ៊ុយក្រែននៅតំបន់ខាកៀវ (Kharkiv) ខណៈកងកម្លាំងអ៊ុយក្រែន កំពុងវាយសម្រុកកាន់តែ លឿនទៅមុខ នៅភាគខាងជើងនៃតំបន់មួយនេះ។

បើតាមក្រសួងការពារជាតិរុស្ស៉ី កងទ័ពរុស្ស៉ីបានវាយលុកលើទីតាំងកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ ខាកៀវ ជាមួយនឹងការវាយប្រហារយ៉ាងជាក់លាក់ របស់កងទ័ពអាកាស មីស៉ីល និងកាំភ្លើងធំ។ ដោយដកស្រង់សម្តីរបស់មន្រ្តីតែងតាំងដោយរុស្ស៉ី សារព័ត៌មាន TASS ក៏បានរាយការណ៍ដែរថា រុស្ស៉ីបានបញ្ជារឲ្យ កងទ័ពរបស់ខ្លួនចាកចេញពីតំបន់ជុំវិញទីក្រុងអ៉ីស្យូម និងបានស្នើឲ្យប្រជាជននៅ ទីនោះជម្លៀសខ្លួនទៅកាន់ប្រទេសរុស្ស៉ី។

ដោយឡែក អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) បានគូសបញ្ជាក់ដូច្នេះថា «នៅទិសដៅនៃតំបន់ខាកៀវ យើងចាប់ផ្តើមឆ្ពោះទៅមិនត្រឹម តែទៅភាគខាងត្បូង និងភាគខាងកើតប៉ុណ្ណោះទេ តែថែមទាំងទៅភាគខាងជើងផងដែរ។ វាមានចម្ងាយត្រឹមតែ ៥០គីឡូម៉ែត្រពីព្រំដែន ជាមួយរុស្ស៉ី»។ លោក ហ្សាលូស្នី បានបន្ថែមថា កង ទ័ពអ៊ុយក្រែន បានដណ្តើមយកមកវិញនូវផ្ទៃដីជាង ៣,០០០គីឡូម៉ែត្រក្រឡា ចាប់តាំងពីដើម ខែកញ្ញា មក។

គួរបញ្ជាក់ថា មន្ត្រីរុស្ស៊ីម្នាក់នៅតំបន់ភាគខាងត្បូងជាប់ព្រំដែនអ៊ុយក្រែន បានឱ្យដឹងកាលពីថ្ងៃ អាទិត្យចុងសប្តាហ៍កន្លងទៅនេះថាមានមនុស្សរាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែន ខណៈកងទ័ពអ៊ុយ ក្រែន បានអះអាងថាខ្លួនបានវាយរុញច្រានកងទ័ពរុស្ស៉ីនៅភាគខាងកើតប្រទេសរបស់ខ្លួន៕