(ភ្នំពេញ)៖ នៅរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននាំមុខគេ ក្នុងការបញ្ជាទិញអង្ករពី កម្ពុជាច្រើនជាងគេ វ៉ាដាច់សហគមន៍អឺរ៉ុបដែលធ្លាប់តែឈរនៅលេខ១ ដែលបានទិញអង្ករពីកម្ពុជា កាលពីពេលកន្លងមក ដែលធ្វើឱ្យចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់ កម្ពុជា ។
ប្រធានសព័ន្ធស្រូវអង្ករកម្ពុជាព្យាករណ៍ថា ៥ឆ្នាំទៅមុខទៀត ចិននៅតែជាទីផ្សារនាំមុនគេដដែល ហើយជាពិសេសនោះនឹងជំរុញដល់ការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ តាមផែនការ របស់រាជរដ្ឋាភិបាល។
យោងតាមការកត់ត្រារបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសចិនបានឈរនៅលំដាប់ទី១ដែលនាំចូលអង្ករកម្ពុជាច្រើនជាង បន្ទាប់ពីសហគមន៍អឺរ៉ុបបាន កំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជារយៈពេល៣ឆ្នាំ ពោលគឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩ ប្រទេសចិន បាននាំចូលអង្ករកម្ពុជាប្រមាណជាង២៤ម៉ឺនតោន ស្មើនឹង៤០%នៃ បរិមាណនាំចេញសរុបជាង៦២ម៉ឺនតោន។
ការនាំចេញទៅទីផ្សារប្រទេសនេះ បានបន្តកើនថែមទៀតនៅឆ្នាំ២០២០ ដែលមានបរិមាណជាង ២៨ម៉ឺនតោន ស្មើ៥០.២% នៃបរិមាណនាំចេញសរុបជាង៦៩ម៉ឺនតោន ។ ចំណែកឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅទីផ្សារប្រទេសនេះ បានចំនួនជាង៣០ម៉ឺនតោន ស្មើនឹង៥០.២%នៃបរិមាណ នាំចេញសរុបរបស់កម្ពុជា ដែលមានជាង៦១ម៉ឺនតោន។ រីឯក្នុងឆ្នាំ២០២២នេះ គិតតែត្រឹមឆមាស ទី១នេះ កម្ពុជាបានចេញអង្ករទៅប្រទេសចិនមានចំនួនជាង១៦ម៉ឺនតោន ដែលស្មើនឹង៥១.៤% នៃបរិមាណនាំចេញសរុប។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់នៅថ្ងៃទី៣០ សីហា នេះថា ការនាំ ចេញអង្ករទៅប្រទេសចិនបានកើនឡើងបន្តបន្ទាប់ ក្រោយពីកម្ពុជា និង ចិនបានប្តេជ្ញាជាមួយគ្នាក្នុង ការបង្កើនការធ្វើពាណិជ្ជកម្ម និងការឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នា លើ ការផ្តល់ កិច្ចសហប្រតិបត្តិការជួយទិញអង្ករពីកម្ពុជា ទៅចិន ដែលមាន៦លើកមកហើយ។
លោកបានអះអាងថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត មិនអាចមានទីផ្សារណាដែល ស្រូបយក នាំចេញអង្កររបស់កម្ពុជាក្នុងបរិមាណច្រើន ក្រៅពីចិននោះទេ។ ៥ឆ្នាំទៅមុខទៀតចិននៅតែ បន្តនាំ មុខក្នុងការទិញអង្ករពីកម្ពុជាដដែល បើទោះបីជាអឺរ៉ុប បញ្ឈប់ការយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ចាប់ពីឆ្នាំ២០២២នេះ ក៏ដោយ។
លោកបានពន្យល់យ៉ាងដូច្នេះថា «ទីផ្សារសហគមន៍អឺរ៉ុបជាប្រវត្តិសាស្រ្តយើងដឹងហើយថា មិនអាច កើនលើសពី៣០ម៉ឺនតោនបានទេ ដោយសារតែតម្រូវការប្រទេសអឺរ៉ុបមានកម្រិតមិនអាចឱ្យ យើង ទៅស្រួលទេ។ ទី១. គឺទីផ្សារអឺរ៉ុបភាគច្រើនផ្តោតទៅលើអង្ករក្រអូប ហេតុនេះហើយទីផ្សារអង្ករក្រអូប ក្នុងរង្វង់៣០ម៉ឺនតោននេះ គឺជាបរិមាណមួយដែលច្រើនហើយ ទី២.យើងមិនអាចប្រកួតប្រជែងជាមួយ អង្ករដែលមានគុណភាពទាបបានទេ ដោយសារតែជាទីផ្សារត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ ទៀតដែលមានតម្លៃថោក ដូចជាប្រទេសភូមា ដូច្នេះយើងអត់អាចរីកលើសហ្នឹងបានទេ។ ហើយទី៣. យើងផ្តោតតែទៅលើអង្ករណាដែលមានគុណតម្លៃក្នុងការប្រកួតប្រជែង និងកិត្តិនាមរបស់យើងនៅក្នុង ទីផ្សារអឺរ៉ុប។ ដូច្នេះដើម្បីកសាងនូវគុណតម្លៃនេះបាន យើងត្រូវរកទីតាំងឈរជើងមួយដែលជាទីតាំង សមប្រកបសម្រាប់អង្ករកម្ពុជាយើងក្នុងការឈរជើង»។
លោកបន្ថែមថា «សម្រាប់ទីផ្សារចិន យើងអាចនាំចេញឡើងដល់៥០ម៉ឺន ៦០ម៉ឺនតោន ឬក៏មួយ លានតោនបាន ដោយសារតែជាទីផ្សារមួយមានលក្ខណៈគាំទ្រ ការគាំទ្រដោយឆន្ទៈ ដើម្បីបង្ហាញពី ការសាមគ្គីភាពនៅក្នុងការអភិវឌ្ឍន៍កិច្ចពាណិជ្ជកម្ម និងនយោបាយ ដូច្នេះវានឹងរុញការនាំចេញទៅ ចិននេះ កាន់តែរីកនាពេលខាងមុខទៀត។ ហេតុដូច្នេះហើយ ខ្ញុំអាចសន្និដ្ឋានបានថា យើងមិនអាច អត់ចិនបានទេ សព្វថ្ងៃនេះ ហើយក៏សូមអរគុណដល់ចិនដែរ ដែលជាប្រទេសមួយមានការគាំទ្រដល់ អង្ករកម្ពុជាយើងជាហូរហែក្នុងពេល៣ទៅ៤ឆ្នាំមកនេះ»៕