(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ បានអោយដឹងថា ក្រសួងការពារជាតិហូឡង់ បានឲ្យដឹងថា សមាជិកកុម្មង់ដូពិសេស ម្នាក់របស់ខ្លួនបានទទួលមរណភាពហើយ នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយរងរបួស ធ្ងន់ធ្ងរដោយ សារការបាញ់ប្រហារនៅខាងក្រៅសណ្ឋាគារមួយក្នុងទីក្រុង ឥណ្ឌាណាប៉ូលិស (Indianapolis) សហរដ្ឋអាមេរិក។
បើតាមក្រសួងការពារជាតិហូឡង់ កុម្មង់ដូដែលបានស្លាប់ខាងលើមានឈ្មោះ ស៊ីមមី ផូអេតសេម៉ា (Simmie Poetsema) ហើយរូបគេ គឺជាទាហានម្នាក់ក្នុងចំណោម ទាហានហូឡង់ ៣នាក់ ដែល ស្ថិតនៅសហរដ្ឋអាមេរិកសម្រាប់ការហ្វឹកហ្វឺន និងដែលបានរងរបួសក្នុងការបាញ់ប្រហារមួយកាល ពីថ្ងៃសៅរ៍សប្តាហ៍មុន។ ជនងរងគ្រោះ ២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ប៉ូលិសអាមេរិកជឿជាក់ថាការបាញ់ប្រហារនេះកើតមានឡើងក្រៅម៉ោងធ្វើការ និងបន្ទាប់ពីមាន ជម្លោះនៅខាងក្រៅ សណ្ឋាគារមួយ ក្នុងទីក្រុងឥណ្ឌាណាប៉ូលិស ប៉ុន្តែបានផ្តល់ព័ត៌មានតិចតួចអំពី ករណីនេះទេ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតនៅតែបន្តការស៊ើបអង្កេតលើករណី បាញ់ប្រហារនេះ ដោយមិនទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់ ឡើយ រីឯរដ្ឋមន្រ្តីការពារជាតិ អាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ ដែលបានស្លាប់ និងរងរបួស៕