(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការបើកបើកការិយាល័យ ពាណិជ្ជកម្មរបស់តួកគីនៅកម្ពុជា ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស ទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ការប្រកាសគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា។ លោកស្រី អ៊ូឃូល កូចាអេហ្វេ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ បន្ទាប់ពីលោកស្រីអញ្ជើញមកបំពេញបេសកកម្មការទូត នៅកម្ពុជាកាលពីខែកក្កដា កន្លងទៅនេះ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានបង្ហាញការប្ដេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យកាន់តែ ប្រសើរលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។
លោកស្រី អ៊ូឃូល កូចាអេហ្វេ បានលើកឡើងថា កម្ពុជា និងតួកគី នៅមានសក្ដានុពលច្រើនសម្រាប់ ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកស្រី បានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខារួចហើនោះ លោកស្រី នឹងប្រឹងប្រែងទាញយកសក្ដានុពលទាំងនោះ ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា តួកគី នឹងបើកបើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្រប ខណ្ឌពិភពលោក ។
សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរជូនចំពោះលោកស្រី អ៊ូឃូល កូចាអេហ្វេ ដែលត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់តួកគីប្រចាំនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការយល់ឃើញដូចលោកស្រីឯកអគ្គរដ្ឋទូតដែរថា កម្ពុជា និង តួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ ស្វាគមន៍ការិយាល័យពាណិជ្ជកម្មរបស់តួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជ កម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិ យោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕