អ៊ុយក្រែន ព្រាងផែនការដើម្បីនាំលោក ពូទីន ឡើងសវនាការតុលាការអន្តរជាតិ

(កៀវ)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថាក្រុមមន្ត្រីអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាកំពុងព្រាងឡើងនូវផែនការមួយ ដើម្បីអាចនាំខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេបញ្ជាការកំពូលរបស់់លោក ឡើង សវនាការតុលាការអន្តរជាតិ ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មឈ្លានពាន»។

និយមន័យនៃ «ឧក្រិដ្ឋកម្មឈ្លានពាន» ត្រូវបានអនុម័តនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០១០ (2010 Rome Statute) និងមានន័យស្រដៀងគ្នា នឹង «ឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព» ដែលត្រូវបានប្រើ​ប្រាស់ នៅក្នុងសវនាការក្នុងទីក្រុង នូរឹមបឺគ (Nuremberg) និងទីក្រុង តូក្យូ នៅក្រោយ សង្រ្គាម លោកលើកទី២។

សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងនៅចំពេល ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក៏កំពុងបើកការស៊ើបអង្កេតហើយដែរលើ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និង​អំពើប្រល័យពូជសាសន៍ ក្នុងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ មានភាគរយតិចតួចណាស់ ដែលគេជឿ ជាក់ថាលោក ពូទីន ឬមន្ត្រីជាន់ខ្ពស់រុស្ស៉ី នឹងត្រូវបាននាំខ្លួនឡើងតុលាការអន្តរជាតិ។ មួយវិញទៀត គេក៏ពិបាកនឹងធ្វើ ការចោទប្រកាន់ប្រឆាំងនឹងលោក ពូទីន ពីបទ «ឧក្រិដ្ឋកម្មឈ្លានពាន» ដែរ ដ្បិត ទាំងរុស្ស៉ី និងអ៊ុយក្រែនមិនបានផ្ដល់សច្ចាប័នលើ លក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០១០ ឡើយ៕