(កំពង់ចាម)៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងជាប្រធាន សមាគមន៍សង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រដ្ឋាភិបាល និងប្រជាពលរដ្ឋ បានចង់ចាំជានិច្ចនូវគុណបំណាច់ ស្នាដៃដ៏ធំធេងរបស់អតីតមន្ត្រីរាជការ ចូលនិវត្តន៍ ដែលបានចូលរួមការអភិវឌ្ឍប្រទេសជាតិឱ្យមាន ការរីកចម្រើនលើគ្រប់វិស័យ។
ការថ្លែងបែបនេះ របស់លោកជំទាវ កែវ ចរិយា និងឯកឧត្តម អ៊ុន ចាន់ដា បានធ្វើឡើងក្នុងពិធី សំណេះសំណាល ជាមួយបុគ្គលិក មន្ត្រីរាជការចូលនិវត្តន៍ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីបុគ្គលិក មន្ត្រីរាជការចូលនិវត្តន៍ មក ពីអង្គភាព មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត សាខាគយ និងរដ្ឋករខេត្ត និងអង្គភាព រតនាគារខេត្ត។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ពិធីនេះ បានបង្ហាញពីរកាយវិការ យកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមន៍ សង្គហ មិត្ត ចំពោះសុខទុក្ខ បុគ្គលិក មន្ត្រីរាជការ បានចូលនិវត្តន៍ នៅក្នុងខេត្តកំពង់ចាម ហើយបានចង់ចាំ ជានិច្ចនូវគុណបំណាច់ ស្នាដៃដ៏ធំធេង ដែល អ៊ំ ពូ មីង ធ្លាប់បានចូលរួមការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ជាមួយនឹងសន្តិសុខមានសុវត្ថិភាពល្អ ក្នុងកាលៈទេសៈឆ្លង កាត់ដ៏លំបាក រហូតទទួលបានសុខសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ។
លោកជំទាវ កែវ ចរិយា បានថ្លែងថា ការបង្កើតសមាគមន៍សង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ គឺដើម្បី ឧត្តមប្រយោជន៍ជូនដល់មន្ត្រីរាជការក្រសួង ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលលោកជាប្រធានកិត្តិយសរបស់សមាគម ទៅអនុវត្តនូវមុខងាររបស់ ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងសាកសិទ្ធិភាព ក្នុងគោលបំណង ការផ្ដល់ ការឧបត្ថម្ភជួយគ្នាទៅ វិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីរាជការទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានឱ្យកាន់តែរីកចម្រើន និងរឹងមាំឡើង៕