រាជរដ្ឋាភិបាល សម្រេចបោះផ្សាយមូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារលើកដំបូងចាប់ពីខែកញ្ញាតទៅ

 (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ ៣០០លានដុល្លារ លើកដំបូងជាផ្លូវការ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ដ៏ខ្លីខាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ទទួលបាននៅ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ធនាគារជាតិនៃកម្ពុជា ជាអណត្តិគាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ ជាលើកដំបូងក្នុងទំហំ ១ ២១៩ ប៊ីលានរៀល ឬប្រមាណ៣០០លានដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២២តទៅ»

មូលបត្ររដ្ឋដែលនឹងបោះផ្សាយលក់នាពេលខាងមុខនេះ ក្នុងមួយបណ្ណមានតម្លៃ១លានរៀល ដោយការគិតការប្រាក់រៀងរាល់៦ខែម្តង ។ មូលបត្រនេះមាន៣ប្រភេទ គឺ ប្រភេទប្រតិទាន១ឆ្នាំ ដោយបោះផ្សាយចំនួន២ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង, ប្រភេទប្រភេទប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង និងប្រភេទប្រភេទប្រតិទាន ៥ឆ្នាំ ដោយបោះផ្សាយចំនួន២ដង និងមានគម្លាតបោះផ្សាយ៤សប្តាហ៍ម្តង។

គួរជម្រាបថា ការបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២នេះ មានគោលដៅពង្រឹងការ គ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរួមទាំងគាំទ្រគម្រោងអទិភាព និងចាំបាច់ផ្សេងៗរបស់រដ្ឋា ភិបាល។ លើសនេះ ការបោះផ្សាយមូលបត្របំណុលនេះ ក៏ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និង ហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែប្រសើរផងដែរ ស្របពេលដែលទីផ្សារនេះបានដំណើរការអស់រយៈ ពេល១០ឆ្នាំមកហើយ៕