(ម៉ានីល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ អោយដឹងថា រដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ព្យុះ ត្រូពិកស៊ីក្លូន ម៉ា អន (Ma-on) ដែលបានវាយប្រហារលើកោះលូហ្សុន (Luzon) នៅក្នុងសប្ដាហ៍នេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៣នាក់ និង៤នាក់ផ្សេងទៀតរងរបួស។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីន មនុស្ស ២នាក់ត្រូវបានគេរាយការណ៍ថាបាន ស្លាប់ ក្នុងតំបន់ស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីន ជាទីដែលព្យុះ Ma-on បានវាយប្រហារ កាលពីព្រឹកថ្ងៃអង្គារដើមសប្ដាហ៍នេះ និងម្នាក់ទៀតបានស្លាប់នៅក្នុងតំបន់ ប៊ីកូល (Bicol) ស្ថិតនៅ ភាគខាងត្បូងនៃ កោះលូហ្សុន។ ក៏ប៉ុន្តែ អាជ្ញាធរហ្វីលីពីន មិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ ដោយគ្រាន់តែឱ្យដឹងថាប្រជាជនជិត ៥០,០០០នាក់ បានរងផលប៉ះពាល់ ដោយសារព្យុះមួយ នេះដែលបានបក់បោកក្នុងល្បឿនខ្យល់ ១៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្រមទាំងបានបង្កជាគ្រោះ ទឹកជំនន់ ផ្ដាច់ចរន្តអគ្គិសនី និងបំផ្លាញ ផ្ទះជាច្រើនខ្នងផងដែរ។
គួរបញ្ជាក់ថា ហ្វីលីពីន គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះនឹងគ្រោះធម្មជាតិ ដូចជារញ្ជួយដី និងព្យុះ ដោយសារតែប្រទេសនេះស្ថិតនៅ លើតំបន់ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និង ខ្សែក្រវាត់ព្យុះទីហ្វុងប៉ាស៊ីហ្វិក។ ក្នុងមួយឆ្នាំៗ ហ្វីលីពីនតែងតែរងគ្រោះដោយសារខ្យល់ព្យុះយ៉ាង ហោច ២០ ក្នុងនោះ មានទាំងព្យុះកំណាចផងដែរ។ តួយ៉ាង កាលពីខែមេសា កន្លងទៅនេះ ព្យុះ ត្រូពិក មេជី (Megi) បានវាយប្រហារលើហ្វីលីពីនដោយបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី សម្លាប់មនុស្ស២២៤នាក់៕