កូនស្រីមនុស្សជំនិតម្នាក់របស់លោក ពូទីន ត្រូវបានសម្លាប់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅជាយទីក្រុងមូស្គូ


 (ឡុងដ៍)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ អោយដឹងថា កូនស្រីរបស់អ្នកជាតិនិយមជ្រុលរុស្ស៉ីម្នាក់ដែលចង់ឱ្យរុស្ស៉ី ក្រសោបយកអ៊ុយក្រែនទាំងមូល និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកប្រធានាធិបតី ពូទីន ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកលើរថយន្ដមួយគ្រឿង នៅឯជាយទីក្រុងមូស្គូ។

អ្នកនាង ដារីយ៉ា ឌូហ្គីណា (Darya Dugina) មានអាយុ ២៩នាក់ បានស្លាប់ នៅក្រោយការបំផ្ទុះ គ្រាប់បែកដែលបានបំផ្លាញរថយន្ដ Toyota Land Cruiser ដែល អ្នកនាងកំពុងបើកបរ កាលពីថ្ងៃ សៅរ៍ចុងសប្ដាហ៍នេះ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៉ីបានឱ្យដឹងជាបឋមថាការបំផ្ទុះគ្រាប់បែកនេះ អាច ជាការប៉ុនប៉ងធ្វើឃាតលើ ឪពុករបស់អ្នកនាង ដារីយ៉ា ឌូហ្គីណា ហើយក្រសួងការបរទេសរុស្ស៉ីបាន ចោទប្រកាន់ត្រង់ៗថាអ៊ុយក្រែនអាចជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ប៉ុន្តែ ខាងទីក្រុងកៀវ បានច្រានចោលការចោទប្រកាន់បែបនេះ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី អ្នកនាង ដារីយ៉ា ឌូហ្គីណា គឺជាកូនស្រីរបស់លោក អាឡិចហ្សាន់ឌឺ ឌូហ្គីន (Alexander Dugin) រីឯរថយន្ដ Toyota Land Cruiser ខាងលើគឺជាកម្ម សិទ្ធិរបស់លោក ឌូហ្គីន។ អ្នកនាង ដារីយ៉ា និងឪពុកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅ ចូលរួមក្នុងពិធីមួយនៅឯជាយ ទីក្រុងមូស្គូ។ ប៉ុន្តែ លោក ឌូហ្គីន ជាឪពុកស្រាប់តែដូររថយន្ដជាមួយ នឹងកូនស្រី នៅវិនាទីចុងក្រោយ៕