(វ៉ាស៉ីនតោន)៖ តាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី១៩ ខែ សីហា ឆ្នាំ២០២២ ប្រាប់អោយដឹងថា អាជ្ញាធរអាមេរិកបានឱ្យដឹងថា មានមនុស្សមួយចំនួនបាន បាត់បង់ជីវិត បន្ទាប់ពីយន្តហោះខ្នាតតូចចំនួន ២គ្រឿង បានបុកគ្នាលើអាកាស នៅអាកាសយាន ដ្ឋាន វ៉ាត់សុនវៀល (Watsonville Municipal Airport) ក្នុងរដ្ឋកាលីហ្វរញ៉ា កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់ នៅអាមេរិក)។
អាជ្ញាធរអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្ត ហោះធុន សេសស្នា-១៥២ (Cessna-152) ១គ្រឿង និងយន្តហោះធុន សេសស្នា-៣៤០ (Cessna-340) ១គ្រឿងទៀត បានបុកគ្នាពេលដែលយន្តហោះទាំងពីរ ត្រៀមលក្ខណៈដើម្បីចុះចត នៅព្រលានយន្តហោះខាងលើ។
គួរបញ្ជាក់ថា យន្តហោះ Cessna-152 មានផ្ទុកមនុស្ស១នាក់ រីឯយន្តហោះ Cessna-340 មានផ្ទុក មនុស្ស២នាក់។ យ៉ាងណាមិញ ហេតុការណ៍នោះ មិនបានបង្កឱ្យមានមនុស្សរងគ្រោះ ឬបាត់បង់ ជីវិត នៅលើដីឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ FAA ទាំង FAA ផ្ទាល់ និងគណៈ កម្មការសុវត្ថិភាពផ្នែកដឹកជញ្ជូន NTSB កំពុងតែបើកការស៉ើបអង្កេតជុំវិញករណីនេះ៕