រុស្ស៊ីដាក់ពង្រាយយន្តហោះចម្បាំង បំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ទៅកាន់តំបន់ កាលីនីនក្រាដ


 (មូស្គូ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ អោយដឹងថា យោធារុស្ស៉ីបានឱ្យដឹងថា ខ្លួនបានដាក់ពង្រាយក្រុមយន្តហោះចម្បាំង ដែលមានបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេង ទៅកាន់តំបន់កាលីនីនក្រាដ (Kaliningrad) ស្ថិតនៅតំបន់អឺរ៉ុបបាល់ទិច ចន្លោះប្រទេសប៉ូឡូញនិងលីទុយអានី។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសថា យន្តហោះចម្បាំង MiG-31 ចំនួន៣គ្រឿង ដែលបំពាក់ មីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) បានធ្វើ ដំណើរទៅដល់មូលដ្ឋានទ័ពអាកាស ឆ្កាឡូវ (Chkalovsk) នៅតំបន់ Kaliningrad ក្រោមក្របខណ្ឌ នៃចំណាត់ការបន្ថែម ដើម្បីពង្រឹងសមត្ថភាពទប់ស្កាត់បែបយុទ្ធសាស្រ្តរបស់ប្រទេសរុស្ស៉ី ហើយពួក វានឹងត្រូវដាក់ឱ្យស្ថិតក្នុងសភាព ត្រៀមបំពេញបេសកកម្មជាប់ជានិច្ច។

យោងតាមការអះអាងរបស់យោធារុស្ស៉ី មីស៊ីល Kinzhal អាចវាយប្រហារបានចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រ និងធ្វើដំណើរក្នុងល្បឿន លឿនជាងល្បឿនសំឡេងដល់ទៅ១០ដង។ ល្បឿនសំឡេងគឺ ១,២៣៥គីឡូម៉ែត្រក្នុង១ម៉ោង៕