(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស បន្ថែមទៀត បានដឹកមកដល់ប្រទេសកម្ពុជានៅវេលារំលងអាធ្រាត្រថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងឃ្លាំងវ៉ាក់សាំង បានប្រាប់ ឱ្យដឹងថា វ៉ាក់សាំងនេះ គឺជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។ លោកស្រី បានបញ្ជាក់ថា វ៉ាក់សាំងនេះ ជាជំនួយទ្វេភាគី ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងនេះនៅព្រឹកថ្ងៃទី១៨ ខែសីហា។
បើតាមលោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងផងដែរថា មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំង សរុបប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧.៦លានដូស។
វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិត ប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រ ផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបាន ជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នកម្ពុជា ចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋបានជាង ៩៤ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥ លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៥៥ម៉ឺននាក់។
បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្តប្រកាន់ យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺ កូវីដ១៩មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថាកម្ពុជាមិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យលើការងារគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរក ឃើញថា កម្ពុជា ក៏ជាប្រទេស ដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេផង ដែរ។ ចំពោះលទ្ធផលដ៏គាប់ប្រសើររបស់កម្ពុជាលើការងារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យ មានការកោតសរសើរកម្ពុជាជាខ្លាំង។ ថ្នាក់ដឹកនាំប្រទេសជាមិត្ត អង្គការអភិវឌ្ឍន៍នានា បានវាយ តម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមសហការយ៉ាងល្អប្រសើរ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា៕