សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា កម្ពុជានៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានជើងទឹករាម ទៅមុខជានិច្ច

 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះ អាងថា កម្ពុជានឹងនៅតែបន្តធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ទៅមុខជានិច្ច ដើម្បីពង្រឹង សមត្ថភាពកងទ័ព លើកិច្ចការការពារអធិបតេយ្យភាពរបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន, សម្តេចពិជ័យ សេនា ទៀ បាញ់ បានអះអាងយ៉ាងដូច្នេះថា៖ «នៅក្នុងដែនអធិបតេយ្យរបស់យើង ច្បាស់ណាស់ ពេលដែលយើងមានលទ្ធភាព មានគេឯងជួយ យើងត្រូវតែបំពេញដើម្បីអធិបតេយ្យភាពរបស់យើង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារអធិបតេយ្យរបស់យើង ដូច្នេះ យើងមិនចាំបាច់ស្តាប់ អ្នកណាថាអញ្ចេះថាអញ្ចុះនោះទេ គឺវាហួសពេល ដែលយើងគិតគូរ ហើយមានតែធ្វើដំណើរទៅមុខ ដើម្បីធ្វើទំនើបកម្មសមុទ្ររាម គឺទៅមុខជានិច្ច»

បន្ថែមពីនេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនទៅវាយតម្លៃ និងមិនចាត់ទុកថាគេ ឱ្យតម្លៃកម្ពុជារបៀបណានោះទេ ប៉ុន្តែ ភារកិច្ចរបស់កម្ពុជា ដើម្បីរៀបចំខឿនការពារដែនអធិបតេយ្យ របស់ខ្លួនយើងត្រូវតែធ្វើ និងត្រូវតែបំពេញកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសជាមិត្តនានា ហើយកម្ពុជាប្រកាសក៏ស្វាគមន៍ចំពោះមិត្តភក្តិទាំងឡាយនៅក្នុងតំបន់ ក៏ដូចជាពិភពលោក បើសិន ជាមានសមានចិត្តជួយអភិវឌ្ឍ ជួយកសាង ឬជំរុញឱ្យដំណើរការទៅមុខបានជឿនលឿន គឺកម្ពុជា ស្វាគមន៍ទាំងអស់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលចាត់ទុកប្រទេសណា មួយជាសត្រូវនោះទេ។ សម្រាប់បញ្ហាមូលដ្ឋានសមុទ្ររាម មិនមែនជារឿងថ្មី ដែលត្រូវបានមជ្ឈដ្ឋាន មួយចំនួនតែងតែលើកមកជជែក និងបានចោទប្រកាន់កម្ពុជាជារឿយៗ ដូច្នេះ រាល់ការរិះគន់ វាយ ប្រហារ និងវិភាគនានា គឺជារឿងធម្មតាទៅហើយ៕