(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានអំពាវនាវដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈសូមប្រកបអាជីវកម្មដោយសុចរិត ប៉ុន្តែប្រសិនបើមានការកេងបន្លំខ្នាតរង្វាស់រង្វាល់ ឬខ្វះលើខ្វះក្រោយ មុខជានឹងរងការពិន័យតាម ច្បាប់ ឬអាចឈានទៅដល់ការដាក់ទោសទណ្ឌ បន្ទាប់ពីត្រួតពិនិត្យនិងស៉ើបអង្កេតរកឃើញ។
ទន្ទឹមនឹងការណែនាំនេះ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានការពារអ្នក ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយរដ្ឋបាលខេត្ត កណ្តាល ក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹង ការធ្វើធុរកិច្ចប្រេងឥន្ធនៈ ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងខេត្ត កណ្តាល។
សិក្ខាសាលានេះរៀបចំឡើងនៅសាលប្រជុំរបស់សាលាខេត្តកណ្តាល ក្រោមអធិបតិភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងមានការ ចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត តំណាងមន្ទីរជុំវិញខេត្តរដ្ឋបាលស្រុក និងពាណិជ្ជករ ដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងខេត្តកណ្តាលជាច្រើននាក់។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីបញ្ជៀបការយល់ដឹងផ្នែកច្បាប់ សិទ្ធិ អំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។
ឯកឧត្តម ផាន អូន បានឱ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺជាវេទិកាមួយដ៏មានសារៈ សំខាន់ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ច ការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ និងធុរជន ដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើក ឡើងអំពីបញ្ហាប្រឈមនិងសំណូមពរដើម្បីរួមគ្នាដោះស្រាយក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ លើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសម ធម៌និង យុត្តិធម៌ និងជំរុញឱ្យខឿនសេដ្ឋកិច្ចជាតិរីកចម្រើនទៅមុខ។ ការអនុវត្តច្បាប់នេះប្រកបដោយប្រសិទ្ធភាពនឹងជំរុញមានការការពារដល់សិទ្ធិ និងផលប្រយោជន៍ របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន ធ្វើឱ្យសង្គមមានសុខ ដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ឯកឧត្តម អគ្គនាយកបានបន្តថា សម្រាប់វិស័យប្រេងឥន្ធនៈ ការធ្វើអាជីវកម្មប្រកបដោយសុចរិត និងមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ នឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងអង្គសិក្ខាសាលានេះផងដែរ មន្រ្តីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបជូនដល់អាជីវករ ដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈអំពីនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត នីតិវិធីនៃការ ពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងមាត្រាមួយចំនួននៃក្រម ព្រហ្មទណ្ឌផងដែរ។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយដែលអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមកិច្ចសហការពីគណៈ អភិបាលខេត្តកណ្តាលនិងដៃគូផ្សេងទៀតបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលការយល់ដឹងអំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធ ជូនដល់ពាណិជ្ជករ ផលិតករ អាជីវករ និងអង្គភាពពាក់ព័ន្ធ។ អគ្គនាយកដ្ឋាន ក.ប.ប.សង្ឃឹមថា បន្ទាប់ពីសិក្ខាសាលានេះ ពួកគេនឹងបណ្តុះបាននូវការយល់ដឹង ផ្នែកច្បាប់ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីរួមគ្នាគោរពនិង អនុវត្តតាមគោលការណ៍សំខាន់ដែលត្រូវបានបញ្ញត្តិដោយច្បាប់ សំដៅជំរុញឱ្យកម្ពុជាក្លាយជា ប្រទេសនីតិរដ្ឋ៕