មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ អះអាងថា ជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស គឺតែងត្រូវបាន ផ្ដន្ទាទោសតាមច្បាប់កម្ររួចខ្លួនណាស់


(ភ្នំពេញ)៖ ជនដែលប្រព្រឹត្តអំពើជួញដូរមនុស្ស ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅ ស្ថាប័នតុលាការនោះ កម្ររួចផុតពីការផ្ដន្ទាទោសតាមច្បាប់ណាស់ ព្រោះសមត្ថកិច្ចតែងតែរកនូវ ភស្ដុតាងនានាជាច្រើនដើម្បីដាក់បន្ទុកលើជនទាំងអស់នោះ។

នេះបើតាមការលើកឡើងពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសន្និសីទ សារព័ត៌មាននៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា»

ឯកឧត្តម កេង សុម៉ារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ជានិច្ចជាកាលយើងតែងសង្កេតឃើញថា ជន ល្មើសដែលបានប្រព្រឹត្តអំពើជួញដូរមនុស្ស គឺកម្ររួចខ្លួនណាស់ កម្ររួចផុតពីសំណាញ់ច្បាប់ណាស់ ដោយសារយើងបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ហើយប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការស្វែង រកភស្ដុតាងនានាដើម្បីបំពេញបន្ថែមក្នុងសំណុំរឿងដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឲ្យចៅក្រមធ្វើការសម្រេចសេចក្ដី ផ្ដន្ទាទោសដល់ជននោះ»

មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌នេះ បានអះអាងថា ការផ្ដន្ទាទោសចំពោះជនដែលប្រព្រឹត្តបទល្មើស គឺជាការស្វែងរកនូវយុត្តិធម៌ជូនជនរងគ្រោះ ហើយសម្រេចអំពីសំណងដល់ជនរងគ្រោះនូវអ្វីដែល គាត់បានរងការខូចខាត។ បន្ថែមពីនេះ ជនល្មើសត្រូវបានយកទៅដាក់ក្នុងពន្ធនាគារ ដើម្បីកុំបុគ្គល នោះប្រព្រឹត្តអំពើល្មើសបែបនេះទៅដល់អ្នកដទៃផ្សេងទៀត។

អ្នកជំនាញផ្នែកច្បាប់រូបនេះ បានបន្ដទៀតថា ចំពោះការផ្ដន្ទាទោសធ្ងន់ ឬស្រាល គឺអាស្រ័យទៅលើ ចរិកលក្ខណៈនៃប្រព្រឹត្តរបស់ជនល្មើស ហើយក្រសួងយុត្តិធម៌ ក៏មិនមានដែនសមត្ថកិច្ចស្នើសុំឲ្យ ស្ថាប័នតុលាការ សម្រេចទោសឲ្យច្រើន ឬតិចបាននោះទេ ពោលត្រូវសម្រេចទៅតាមអ្វីដែលច្បាប់ បានកំណត់។

យ៉ាងណាមិញ ឯកឧត្តម កេង សុម៉ារិទ្ធ គូសបញ្ជាក់បន្ថែមថា ក្នុងករណីមិនទាន់មានច្បាប់កំណត់ ទោសទណ្ឌទៅលើសកម្មភាពមួយចំនួន ដែលសាធារណជនយល់ថា ជាអំពើជួញដូរមនុស្សដែរ នោះក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសិក្សារៀបចំនូវសេចក្ដីព្រាងច្បាប់ សម្រាប់ យកទៅគ្រប់គ្រង និងបង្ក្រាបនូវសកម្មភាពដែលយល់ថាជាបទល្មើសទាំងនោះ ឬបើមានចំណុច ខ្វះខាតអាចឈានទៅដល់ការធ្វើវិសោធនកម្មដើម្បីបំពេញបន្ថែម។

សូមជម្រាបថា ក្នុងឆ្នាំ២០២១កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបង្ក្រាបអំពើជួញដូរមនុស្សបានច្រើន ជាងបណ្ដាឆ្នាំណាទាំងអស់ បើទោះបីប្រឈមជាមួយការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្ដី។ ក្នុងនោះ បង្ក្រាបបានជាង៣៥៩ករណី ខណៈឆ្នាំ២០១៩ បង្ក្រាបបានត្រឹម១៥៥ករណី, សង្គ្រោះជន រងគ្រោះបាន ១,៥៧៧នាក់ ខណៈឆ្នាំ២០១៩ មាន៤៦៧នាក់, កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ មានចំនួន៥៣៨ករណី៕