(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា កម្ពុជាបានត្រៀមវិញ្ញាសាជាង ៥០០វិញ្ញាសា សម្រាប់ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខណៈកីឡា ៣៩ប្រភេទ បូកកីឡា សម្ដែង ១ប្រភេទ ត្រូវបានអនុម័តរួចរាល់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កាល ពីខែ កក្កដាកន្លងទៅ។ការលើកឡើងនេះ បន្ទាប់ពី CAMSOC បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រួតពិនិត្យ និងសម្រេចលើវិញ្ញាសា ដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នាល្ងាចថ្ងៃទី១១ ខែសីហា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC។
ឯកឧត្តម ថា កិច្ចប្រជុំនេះធ្វើឡើងស្របពេលដើមសប្ដាហ៍ក្រោយ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងបើកកិច្ចប្រជុំមួយនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីត្រួតពិនិត្យកម្មប្រកួតស៊ីហ្គេមនៅកម្ពុជា។ ហេតុនេះទើបគណៈកម្មាធិការជាតិ CAMSOC កោះប្រជុំជាមួយសហព័ន្ធជាតិ ដើម្បីត្រួតពិនិត្យ លើការងាររបស់សហព័ន្ធ ពិសេសការសម្រេចលើការកំណត់វិញ្ញាសាប្រកួត សម្រាប់យកទៅ បង្ហាញក្នុងកិច្ចប្រជុំដ៏សំខាន់ខាងលើ។
អគ្គលេខាធិការដដែលបន្ដថា «កិច្ចប្រជុំនេះ គឺដើម្បីកំណត់វិញ្ញាសាដែលត្រូវដាក់ចូលក្នុងការប្រកួត ក្នុងប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ។ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ ដោយដាក់វិញ្ញាសា របស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ (ថ្ងៃចន្ទ អង្គារ ពុធ) គឺជាថ្ងៃដែលប្រជុំក្រុមប្រឹក្សាកីឡាអាស៊ី អាគ្នេយ៍ នទីក្រុងបាងកក យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅ ក្នុងស៊ីហ្គេម។ បើយើងបូកទៅគឺជាង ៥០០វិញ្ញាសា ស្មើនឹងជាង ៥០០មេដាយ ដែលយើងត្រូវរៀបចំនៅស៊ីហ្គេម ២០២៣»។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា «យើងបានជម្រះ បានន័យថាយើងបានស្កេនគ្រប់ប្រភេទកីឡា ទាំងអស់ឲ្យមានភាពជាក់លាក់ថាវិញ្ញាសា ដែលគាត់បានដាក់នេះ ពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព គាត់មានយុទ្ធសាស្ត្រ សម្រាប់ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជយលាភីរបស់គាត់។ យើងប្រជុំថ្ងៃនេះយើងលម្អិតអំពីចំណុចតូចៗណាដែលយើងមិនទាន់យល់គ្នា នៅមានភាពស្រពិច ស្រពិល មិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់គឺយើងបានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសា របស់គាត់បានរួចរាល់អស់ហើយ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានចាត់ទុកនេះគឺជាជោគជ័យមួយជំហានទៀត សម្រាប់ ការរៀបចំផ្នែកបច្ចេកទេស និងស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ដោយមានការណែនាំ បន្ថែមដល់សហព័ន្ធ ត្រូវយកចិត្តទុកដាក់មើលការហ្វឹកហាត់កីឡាករ-កីឡាការិនីជម្រើសជាតិ ជំរុញ ខាងផ្នែកចិត្តសាស្ត្រ ជំរុញខាងផ្នែកការគាំទ្រ ជំរុញខាងផ្នែកការហ្វឹកហាត់កម្លាំងកាយ ទាំងបច្ចេក ទេសឲ្យបានស្របគ្នា ព្រោះកីឡាករ-កីឡាការិនី គឺជាតួឯកនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣។
ឯកឧត្តម ថា ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជា អនុប្រធានអចិន្ដ្រៃយ៍ CAMSOC លោកបណ្ឌិត ថោង ខុន គឺត្រូវធ្វើយ៉ាងណាឲ្យមានភាពស្មោះត្រង់ និងមានភាពបរិសុទ្ធថ្លៃថ្នូរ ក្នុងការធ្វើការងារបច្ចេកទេស មិនមែនជាការរៀបចំដោយមិនគោរព បទបញ្ជាការប្រកួត និងគោលការណ៍ Fair Play នោះឡើយ ពោលគឺធ្វើយុទ្ធសាស្ត្រនៅក្នុងបច្ចេក ទេស និងក្នុងក្របខណ្ឌនៃបទបញ្ជាប្រកួត៕