(កៀវ)៖ តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២បញ្ជាក់ថា រុស្ស៊ី និងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោង នៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប គឺរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលបានជំរុញឲ្យប្រមុខអង្គការសហប្រជាជាតិ (UN) ស្នើឡើងឲ្យមានការបង្កើត តំបន់គ្មានយោធា នៅទីនោះ ចំពោះមុខការភ័យខ្លាចនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ។
មន្រ្តីអ៊ុយក្រែន បានអះអាងថា អគាររោចក្រ Zaporizhzhia បានរងការវាយប្រហារចំនួន៥លើក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រួមទាំងនៅជិតកន្លែង ដែលមានផ្ទុកសារធាតុវិទ្យុសកម្មផងដែរ។ រីឯ ក្រុមមន្ត្រីដែលត្រូវបានរុស្ស៊ីលើកបន្តុប បាននិយាយថា អ៊ុយក្រែនបានបាញ់ផ្លោងរោងចក្រនេះចំនួន ២លើក។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីស្ថានភាពនេះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) បានអំពាវនាវឱ្យភាគីទាំងពីរបញ្ឈប់ ការប្រយុទ្ធគ្នានៅជិតរោងចក្រខាងលើនេះ។ លោក ហ្គូទែររ៉េស បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍ថា «ភាគីទាំងពីរមិនត្រូវប្រើប្រាស់រោងចក្រថាមពលនេះ ធ្វើជាផ្នែកមួយនៃប្រតិបត្តិការយោធា ណាមួយឡើយ។ ផ្ទុយទៅវិញ កិច្ចព្រមព្រៀងជាបន្ទាន់ គឺត្រូវការជាចាំបាច់ សម្រាប់ការបង្កើតតំបន់ គ្មានយោធា ដើម្បីធានាសុវត្ថិភាព»៕