(តូក្យូ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ គឺសមាជិកសភាមួយរូបនៃគណបក្សកាន់អំណាចរបស់ជប៉ុន បានជួបជាមួយ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ារាយការណ៍ថា ជំនួបនេះបាន ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីផលិតករភាពយន្តឯកសារជប៉ុនម្នាក់ត្រូវបានចាប់ខ្លួន កំលុងពេល ស្រង់យកទិដ្ឋភាពការតវ៉ានៅក្នុងប្រទេសអាស៊ានមួយនេះ។
នៅថ្ងៃសុក្រនេះ ការិយាល័យរបស់លោក ហ៉ីរ៉ូមីឈិ វ៉ាតាណាបេ (Hiromichi Watanabe) សមាជិក សភាជាន់ទាបដ៏មានឥទ្ធិពលមួយរូប នៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច បាន ឲ្យដឹងថា លោក វ៉ាតាណាបេ កំពុងស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៧ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយអំពីគោលបំណងនៃការទៅដល់ប្រទេសមីយ៉ាន់ម៉ាឡើយ។ ទីក្រុងតូក្យូបានអំពាវនាវឲ្យមានការដោះលែង ផលិតករភាពយន្ត លោក តូរូ គូបូតា (Toru Kubota) អាយុ ២៦ឆ្នាំ ដែលបានចូលក្នុងប្រទេសមីយ៉ាន់ម៉ាដោយទិដ្ឋាការទេសចរណ៍ ហើយត្រូវបានចាប់ ខ្លួនកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅឯការតវ៉ាមួយក្នុងទីក្រុងយ៉ាំងហ្គោន។ លោក ប្រឈម នឹងការចោទប្រកាន់ពីបទល្មើសច្បាប់អន្តោប្រវេសន៍ និងលើកទឹកចិត្តឲ្យមានការខ្វែងគំនិតប្រឆាំង នឹងរបបយោធាកំពុងកាន់អំណាច។
សូមជម្រាបថា អ្នកកាសែតឯករាជ្យជនជាតិជប៉ុនម្នាក់ក៏ត្រូវបានដោះលែងផងដែរកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងប្រទេស មីយ៉ាន់ម៉ា។ របបយោធានិយាយថាការដោះលែងនេះ គឺជាការទទួលស្គាល់ទំនាក់ទំនងជិតស្និទ្ធនៃ ប្រទេសទាំងពីរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា, ជំនួបរវាង លោក វ៉ាតាណាបេ ជាមួយមេ ដឹកនាំរបបយោធា លោក មីន អោយឡាំង (Min Aung Hlaing) នៅរដ្ឋធានីណៃពិដោ ក្នុងសប្តាហ៍ នេះ គឺដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី៕