យោធាតៃវ៉ាន់ បាញ់ផ្កាភ្លើងព្រមានយន្ដហោះដ្រូន ដែលហោះពីលើកោះ Kinmen និងកោះ Matsu


 (តៃប៉ិ)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២ គឺបានអោយដឹងថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាយោធា របស់ខ្លួនបានបាញ់ផ្កាភ្លើងព្រមានយន្ដហោះដ្រូនចំនួន ៧គ្រឿង ឱ្យចេញឆ្ងាយពី កោះគីនមិន (Kinmen) និងបានព្រមានយន្ដហោះមិនស្គាល់ម៉ាកមួយគ្រឿងដែលហោះពីលើកោះម៉ាត់ស៊ុ (Matsu)។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយការបញ្ជាក់ថាកងទ័ពរបស់ខ្លួនកំពុងស្ថិតនៅក្នុង លក្ខណៈប្រុងជើងការខ្ពស់ នៅក្នុងតំបន់ នៃកោះទាំង២ ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រូវប៉ុណ្ណោះពីចិន ដែលកំពុងដឹកនាំការធ្វើ សមយុទ្ធយោធា ទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកព័ទ្ធជុំវិញកោះតៃវ៉ាន់។

សមយុទ្ធយោធារបស់ចិនបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ច របស់លោកស្រីប្រធាន សភាតំណាង រាស្ត្រអាមេរិក ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់៕