(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើសភាពាណិជ្ជកម្មរបស់ថៃ បន្ត យកចិត្ត ទុកដាក់ពង្រឹងសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចជាមួយកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បី លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ។
សំណើរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងពេលទទួលជួបគណៈប្រតិភូសភាពាណិជ្ជកម្ម និងគណៈកម្មការធុរកិច្ចថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្ម និងគណៈកម្មការធុរកិច្ច ថៃនេះ ក៏មានអញ្ជើញចូលរួមពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានមួយចំនួនក្រោមឱវាទក្រសួងពាណិជ្ជកម្ម ព្រមទាំង ឧកញ៉ា លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Sanan Angubolkul ប្រធានសភា ពាណិជ្ជកម្មថៃ និងឧកញ៉ា លោក-លោកស្រី មកពីសភាពាណិជ្ជកម្មកម្ពុជា-ថៃ ជាច្រើនរូបទៀត។
ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះគណៈ ប្រតិភូថៃ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង ដែលបានចូលរួមធ្វើជាអធិបតីក្នុងកិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដ៏មានសារៈ សំខាន់ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃនិងគណៈកម្មការធុរកិច្ចថៃ ដើម្បីពង្រឹង និងពង្រីក ទំនាក់ទំនងធុរកិច្ច ជំរុញពាណិជ្ជកម្ម និងបង្កើនទំហំវិនិយោគរវាងប្រទេសទាំងពីរ។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តថា ទាក់ទងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-ថៃ លោកលើកទឹកចិត្តអ្នកវិនិយោគថៃនៅកម្ពុជា ឱ្យចូលរួមយ៉ាងសកម្មបន្ថែមទៀត ក្នុងសកម្មភាពជំរុញ ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីប្រើប្រាស់សក្តានុពលធុរកិច្ចរបស់កម្ពុជាឱ្យបានពេញលេញ។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងស្វាគមន៍អ្នកវិនិយោគថៃ ដែលមានសក្តានុពលកាន់តែ ច្រើនមកកាន់កម្ពុជា ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្ពោះទៅរកផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមក។
លោករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានកើនឡើងពី ៣.៤៩ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៣.៨៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ (កើនឡើង ១០.៤%)។
ថ្លែងក្នុងឱកាសនោះ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃនិងគណៈកម្មការ ធុរកិច្ចថៃ បានថ្លែងអំណរគុណ និងសម្ដែងនូវសេចក្ដីរីករាយ ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម ក្នុងការចំណាយពេលវេលាដ៏មមាញឹកទទួលជួប គណៈប្រតិភូសភាពាណិជ្ជកម្មថៃ និងគណៈកម្មការធុរកិច្ចថៃ។
ឯកឧត្តម បន្តថា
គោលបំណងនៃទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មថៃនាពេលនេះ
គឺដើម្បីបង្កើនឱកាសពាណិជ្ជកម្ម ពង្រីកបណ្តាញទីផ្សារតាមរយៈពិព័រណ៍ពាណិជ្ជកម្មមានគុណ
ភាពខ្ពស់ ជាពិសេសនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ ជាងនេះទៅទៀត ទស្សនកិច្ចពាណិជ្ជកម្ម
និងពិព័រណ៍ពាណិជ្ជកម្មនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយដៃ គូអាជីវកម្មនានាក្នុងប្រទេសកម្ពុជា
ដូចជាសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាគមពាណិជ្ជកម្ម នានា
ដើម្បីអញ្ជើញធុរជនកម្ពុជា-ថៃ ជួបគ្នាក្នុង គោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនងពាណិ ជ្ជកម្ម
ក៏ដូចជាការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសថៃបន្ថែមទៀត។
ឧកញ៉ា លីម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា
ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យវិស័យឯកជន
មានសេចក្តីសោមនស្សរីករាយ និងកិត្តិយសដែលបានចូលរួមកិច្ចប្រជុំសម្តែងការគួរសមនេះ
ជាមួយគណៈប្រតិភូធុរកិច្ចនៃសភា ពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាធុរកិច្ចកម្មថៃ
ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម នៅពេលនេះ។
ឧកញ៉ា បានបន្តថា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ បាននិងកំពុងធ្វើការយ៉ាងជិត ស្និទ្ធ ដើម្បីជំរុញការផ្គូផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ ដើម្បីធានាលំហូរនៃអាជីវកម្ម និងការវិនិយោគ ជាដើម តួយ៉ាងដូចជា ការរៀបចំកិច្ចប្រជុំពិភាក្សាការងារនេះ រួមទាំងការផ្គូផ្គងអាជីវកម្មរវាងប្រទេស ទាំងពីរផងដែរ ដែលនឹងនាំមកនូវផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ភាគីទាំងពីរ។
ឧកញ៉ា លឹម ហេង លើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងអស់ឱ្យចូលរួមយ៉ាងសកម្ម និងស្វែងរកដៃគូវិនិយោគរបស់ខ្លួនបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងទទួលបាន លទ្ធផលជាផ្លែផ្កានាពេលអនាគត។
នៅកិច្ចបញ្ចប់ ក្នុងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋមន្ត្រី បានស្នើប្រធានគណៈប្រតិ ភូសភាពាណិជ្ជកម្មថៃ ឱ្យជួយជំរុញសកម្មភាពពាណិជ្ជកម្មសំខាន់ៗមួយចំនួន រួមមាន៖ (១) រៀប ចំបេសកកម្មពាណិជ្ជកម្ម កម្ពុជា-ថៃ (២) ចូលរួមក្នុងការតាំងពិពណ៌កម្ពុជា ដែលរៀបចំឡើងជា រៀងរាល់ឆ្នាំនៅរាជធានីភ្នំពេញ និងរៀបចំដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា និង (៣) ចូលរួមវេទិកាធុរកិច្ចដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគនៃប្រទេសកម្ពុជា-ថៃ៕