សម្តេចតេជោ ហ៊ុន សែន ស្នើចិនគាំទ្រការបង្កើតលេខាធិការដ្ឋាន RCEP នៅកម្ពុជា


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើរដ្ឋាភិបាលចិន ឱ្យគាំទ្រគំនិត ផ្តួចផ្តើមបង្កើតលេខាធិការដ្ឋាននៃកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅរាជធានីភ្នំពេញ។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២កន្លងទៅ នេះ។ កិច្ចព្រមព្រៀងនេះ ជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោក ដោយមានប្រទេស ជាសមាជិកចំនួន១៥ រួមមាន៖ ប្រទេសសមាជិកអាស៊ានទាំង១០ បូកជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលហ្សេឡង់។

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាថ្ងៃទី០៣ ខែសីហា សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចព្រម ព្រៀង RCEP ត្រូវការចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បី សម្របសម្រួលការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើ ជាម្ចាស់ផ្ទះនៃលេខាធិការដ្ឋាន RCEP ដោយកំណត់ទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនោះ សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងប្រទេសសមាជិកដទៃទៀតនឹង គាំទ្រគំនិតផ្តួចផ្តើមនេះ ពេលកម្ពុជាដាក់សំណើ។

ក្នុងជំនួបជាមួយប្រមុខការទូតរបស់ចិន សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងលើគំនិត ផ្តួចផ្តើមនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋាភិបាលចិនគាំទ្រលើគំនិតផ្តួចផ្តើមនេះ ដោយសារតែចិនជាសមាជិកមួយនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។

សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានទ្រង់ទ្រាយធំ បំផុតលើពិភព លោក ដោយមានប្រជាជនសរុបប្រមាណ ២,២៧០លាននាក់ ទំហំសេដ្ឋកិច្ចសរុប ២៦ទ្រីលាន ដុល្លារអាមេរិក ទំហំនាំចេញសរុប ៥.២ទ្រីលានដុល្លារអាមេរិក ត្រូវជា ៣០ភាគរយ នៃទំហំសរុប លើពិភពលោក៕