(ភ្នំពេញ)៖ ចំណូលពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ធ្វើឲ្យកម្ពុជា ទទួលបានចំណូលចំនួន៧០៥.១៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទទួលបាននៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
របាយការណ៍ បានបញ្ជាក់ថា ការនាំចេញអង្ករ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ បានចំនួន ៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ កម្ពុជាបាននាំអង្ករ ចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន៣៥០,៩០២តោន ដែលក្នុង នោះ រួមមាន៖
* នាំចេញទៅកាន់ប្រទេសចិន
ម៉ាកាវ និងហ៊ុងកុង បានចំនួន១៦៩,៧៦៦តោន ស្មើនឹង៤៨.៣៨%
នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន៨៩.០៩លានដុល្លារសហរដ្ឋអាមេរិក
* នាំចេញទៅកាន់ប្រទេស នៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស បានបរិមាណចំនួន
១២២,៨៤២តោន ស្មើនឹង៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់
ចំនួន៨៦.០៨លានដុល្លារសហរដ្ឋអាមេរិក
* នាំចេញទៅកាន់ប្រទេសអាស៊ានចំនួន៤ប្រទេស បានចំនួន២៩,៩៥៧តោន ស្មើនឹង៩% នៃការនាំ ចេញសរុប
ដែលគិតជាទឹកប្រាក់ចំនួន២០.០៨លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាលគោលដៅ ផ្សេងៗទៀត
ចំនួន២៤ប្រទេស បានចំនួន២៨,៣៣៧តោន ស្មើនឹង១០.៦២%
គិតជាទឹកប្រាក់ ២២.៩២លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសរុបមានកំណើន១៣.២៤% បើប្រៀប ធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នៅក្នុងរយៈពេល៧ខែនេះដែរ អង្ករ ក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន៦៣.៦៤% អង្ករស ចំនួន៣២.៤២% អង្ករចំហ៊ុយចំនួន ២.២៣% អង្ករសរីរាង្គចំនួន១.៧% និងអង្ករដំណើបបានចំនួន២៣តោន។
ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម បានចំនួន១,៩៥០,៩៨៦ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា៤៨៧.២៤លានដុល្លារសហរដ្ឋអាមេរិក៕